Klopp ៖កីឡាករសំខាន់ៗនឹងមិនសូមចេញទេ បើទោះមិនបានលេង UCL
លោក Jurgen Klopp អ្នកចាត់ការ Liverpool អះអាងថា កីឡាករស្នូលក្នុងក្រុមនឹងមិនចាកចេញឡើយ បើក្រុមមិនមានកៅអីក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។ លោកទទូចថា ក្រុមរបស់លោកនឹងអាចរក្សាបានកីឡាករសំខាន់ៗទាំងអស់។
ក្រុមហង្សក្រហមធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ហើយកំពុងប្រជែងកៅអី Top 4 យ៉ាងលំបាក។ ក្រុមលោក Klopp កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយចាញ់ Chelsea កាលរាត្រីថ្ងៃព្រហស្បតិ៍ ហើយក៏អាចរអិលទៅថែមទៀតដែរ ប្រសិនបើក្រុមក្រោមៗឈ្នះប្រកួតដែលនៅសល់។
ភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុដោយសារការជ្រុះពីតំបន់ប្រកួតពានរង្វាន់ដ៏ធំប្រចាំអឺរ៉ុប លោក Klopp នឹងអាចពិបាកក្នុងការនាំយកកីឡាករថ្មីៗ។
លោក Jurgen Klopp ថ្លែងបែបនេះ “៖យើងមានកីឡាករដែលមានភាពស្មោះត្រង់។ មកដល់ពេលនេះគ្មាននរណានិយាយទេថា ពួកគេនឹងចាកចេញ ប្រសិនបើមិនបានលេង Champions League។ រឿងហ្នឹងមិនអាចកើតឡើងទេ ហើយខ្ញុំក៏ស្គាល់ពួកគេច្បាស់ដែរ។ បើមានមនុស្សបែបហ្នឹង ខ្ញុំមិនត្រូវការទេ។”
គួរដឹងដែរថា Liverpool ស្ថិតនៅលេខ៧ មាន៤៣ពិន្ទុពីការប្រកួត២៧លើក។ ពួកគេទើបរងបរាជ័យ៥ប្រកួតជាប់គ្នាលើដីខ្លួនឯងក្នុងការប្រកួត Premier League៕