CR7 បង្កើតស្ថិតិមិនគួរឲ្យជឿក្រោយ Juventus ឈ្នះ Spezia ៣-០
មួយគ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង០របស់ Juventus លើ Spezia ការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី មានន័យថា Cristiano Ronaldo ឈានដល់គ្រាប់ទី២០ហើយនៅ Serie A រដូវកាលនេះ។
គ្រាប់បាល់នេះក៏កើតឡើងក្នុងការបង្ហាញខ្លួន៦០០ប្រកួតនៅក្របខណ្ឌកំពូលអឺរ៉ុបផងដែរ ពោលរាប់សរុបតាំងពីពេលលេងនៅ Sporting Lisbon, Manchester United, Real Madrid នេះឯង។
យោងតាម BBC នេះក៏ជាការរកគ្រាប់បាល់ចាប់ពី២០គ្រាប់ឡើងរយៈពេល១២រដូវកាលជាប់ៗគ្នាហើយសម្រាប់ Ronaldo ក្នុងការប្រកួតកម្រិតលីគ។ មិនតែប៉ុណ្ណោះ គេក៏ជាកីឡាករដំបូងដែលរកបានចាប់ពី៣០គ្រាប់ឡើង (បូកទាំងកម្រិតក្លិប និងជម្រើសជាតិ) ដល់១៣រដូវកាលជាប់គ្នា។
Ronaldo ក៏រួមចំណែក៤៤ភាគរយ (រកបាន២០គ្រាប់ក្នុងចំណោម៤៨គ្រាប់របស់ Juventus)តាំងពីផ្ដើមរដូវកាល២០២០/២០២១មក។ នេះជាស្ថិតិដែលពុំមានកីឡាករធ្វើបានពីមុនមកក្នុងចំណោមលីគកំពូលអឺរ៉ុប។
គិតត្រឹមសប្ដាហ៍ទី២៤ Ronaldo ឈរកំពូលតារាង Top Scorer នៅ Serie A មាន២០គ្រាប់ ច្រើនជាងអ្នកលេខ២ Romelu Lukaku ២គ្រាប់៕