កីឡាករអាហ្សង់ទីនម្នាក់ថា “៖បើ Messi ទៅលេងនៅអាមេរិក ខ្ញុំនឹងថើបជើងគាត់”
អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន Franco Jara បានបង្ហាញអារម្មណ៍រីករាយពេលឮដំណឹងពាក់ព័ន្ធ Lionel Messi ទៅប្រកបអាជីពនៅក្របខណ្ឌកំពូលអាមេរិក Major League Soccer។
Jara ដែលកំពុងលេងនៅក្លិប FC Dallas ថ្លែងបែបនេះ “៖ខ្ញុំមិនដឹងថាត្រូវនិយាយម៉េចទេ។ បើ Messi ទៅលេងនៅ MLS មែន ខ្ញុំនឹងថើបជើងរបស់គាត់ទាំង២។ បើអ៊ីចឹងមែន គាត់នឹងកម្ទេចខ្សែការពារទាំងអស់។ គាត់ដូចគ្រាប់បែកអ៊ីចឹង។
អនាគតរបស់ Messi គឺជាប្រធានបទដ៏ក្ដៅមួយ។ កិច្ចសន្យារបស់គេនៅ Barca នឹងអស់សុពលភាពក្នុងខែមិថុនា។ Messi អត់ទាន់សម្រេចចិត្តបែបណាទេ ប្រហែលទាល់តែចប់រដូវកាលនេះ។
Jara បន្ថែម “៖ខ្ញុំធ្លាប់មានឱកាសលេងជាមួយ Messi ដែរកាលមុន។ តែបើនិយាយពីការលេងតទល់គាត់នៅកម្រិតក្លិបវិញ គឺផ្ទុយស្រលះតែម្ដង។ Messi និង Ronaldo ប្រៀបដូចបិសាចក្នុងបាល់ទាត់អ៊ីចឹង។”
Franco Jara ធ្លាប់លេងនៅជម្រើសជាតិអាហ្សង់ទីន កាលឆ្នាំ២០១០-២០១១។ ដោយឡែក មានក្លិប២នាពេលបច្ចុប្បន្នដែលចង់បាន Messi យ៉ាងខ្លាំង គឺ Paris Saint Germain និង Manchester City។ Man City បានផ្ដល់កិច្ចសន្យាពិសេសមួយដោយឲ្យ Messi លេងនៅ Premier League ២ទៅ៣រដូវកាល ហើយផ្លាស់ទៅ New York City FC ដែលជាឧបសម្ព័ន្ធរបស់ខ្លួនដល់ចូលនិវត្តន៍៕