ក្លិប សូលទីឡូអង្គរ នាំចូលកីឡាករជប៉ុនពីររូប មកពីក្លិប Edo All United
នៅថ្ងៃទី ១២ ខែ កុម្ភៈ នេះក្លិបបាល់ទាត់សូលទីឡូអង្គរ បានប្រកាសអំពីការនាំចូលកីឡាករជប៉ុនពីរដើម្បីត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០២១ ដែលនឹងចាប់ផ្តើមនៅខែ មិនា ខាងមុខនេះ ។ កីឡាករជប៉ុនទាំងពីរដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសចុះកិច្ចសន្យារួមមានខ្សែប្រយុទ្ធ Kisa Kutsuwada និងខ្សែការពារ Reo Kageyama ។
ខ្សែប្រយុទ្ធ Kisa Kutsuwada មានវ័យ ២៥ឆ្នាំ ធ្លាប់មានបទពិសោធលេងនៅក្លិប Toyama Shinjo Club ដែលស្ថិតនៅក្របខណ្ឌ Hokushinetsu Football League នៃប្រទេស ជប៉ុន បន្ទាប់មកក៏ផ្លាស់មកចូលរួមជាមួយក្លិប Edo All United ដែលពីមុនមានឈ្មោះថា ONE TOKYO ហើយក្លិបនេះក៏ក្លិបរបស់លោកកីឡាករជប៉ុន Keisuke Honda ដូចហ្នឹងក្លិប សូលទីឡូអង្គរ របស់កម្ពុជានេះផងដែរ ។ ក្លិប Edo All United ដែលស្ថិតនៅក្របខណ្ឌកម្រិតទី៤ Tokyo Shakaijin Soccer League ទើបបានឡើងមកកម្រិតទី៣ ។
ចំណែក Reo Kageyama លេងតួនាទីជាខ្សែការពារមានកម្ពស់ ១.៨៥ មានវ័យ ២៣ ឆ្នាំធ្លាប់លេងនៅក្លិប SF Köllerbach II របស់ប្រទេសអាឡឺម៉ង់ និងចុងក្រោយក៏លេងនៅក្លិប Edo All United ផងដែរ មុនមកចូលរួមជាមួយក្លិបនាទឹកដីប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា នេះជាកីឡាករបរទេសដំបូងរបស់ ក្លិបបាល់ទាត់ SOLTILO Angkor FC ដែលបាននាំចូលនៅរដូវកាលនេះ បន្ទាប់ពីបានចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសជាច្រើន ក្រោមការដឹកនាំរបស់លោក Darren Pomroy(Charlie) ជនជាតិអង់គ្លេសកាន់វិញ្ញាបនប័ត្រ UEFA A licence ៕