រឿងរ៉ាវខ្លះៗគួរដឹងក្រោយ Man City ស៊ី West Brom ឡើងកំពូលតារាង
Manchester City បានឡើងទៅកាន់កំពូលតារាង Premier League ក្រោយបំបាក់ម្ចាស់ផ្ទះ West Brom ០ទល់នឹង៥ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
៥គ្រាប់នេះធ្វើបានដោយ Ilkay Gundogan ២គ្រាប់, Joao Cancelo មួយគ្រាប់, Riyad Mahrez មួយគ្រាប់ និង Raheem Sterling មួយគ្រាប់។
នេះជាគ្រាប់បាល់ទី៧ហើយសម្រាប់ Gundogan ដែលរកបានក្នុងរដូវកាលនេះនៃក្របខណ្ឌ Premier League និងជាចំនួនល្អបំផុតសម្រាប់គេ គិតក្នុងមួយរដូវកាល។
ដោយឡែក បរាជ័យជាថ្មីនេះធ្វើឲ្យ West Brom ស្ថិតនៅចំណាត់ថ្នាក់លេខ១៩ពីក្រោមទីតាំងសុវត្ថិភាព៦ពិន្ទុ។
ឥឡូវយើងមកដឹងរឿងរ៉ាវខ្លះៗបន្ថែមទៀតក្រោយការប្រកួតនេះ ៖
១. West Brom បានប្រកួតចាញ់ក្នុងដីនៅ Premier League ៥លើកជាប់គ្នាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤។
២. ជ័យជម្នះរបស់ Man City មានន័យថា ក្រុមមេឃខៀវឈរកំពូលតារាង Premier League លើកដំបូងរដូវកាលនេះ និងក្លាយជាក្រុមទី៩ដែលបានឡើងទៅកាន់លេខ១។
៣. រដូវកាលនេះគិតត្រឹមពេលនេះមានដល់ទៅ៩ក្រុមបានឈរលេខ១ គិតចាប់ពីរដូវកាល១៩៨៦/១៩៨៧។
៤. Man City ឈ្នះ៧ប្រកួតជាប់គ្នាលើកដំបូងនៅ Premier League គិតចាប់ខែសីហា ឆ្នាំ២០១៩ (កាលនោះឈ្នះ១៥ប្រកួតជាប់គ្នា)
៥. Sam Allardyce ក្លាយជាគ្រូបង្វឹកម្នាក់ទៀត តាំងពីលោក Chris Ramsey (ដឹកនាំ QPR) ខែមីនា ឆ្នាំ២០១៥ ដែលចាញ់៤ប្រកួតដំបូងក្នុងដីនៅ Premier League ក្នុងនាមគ្រូបង្វឹក។
៦. Phil Foden បង្ហាញខ្លួនលើកទី១០០សម្រាប់ Mancehster City គ្រប់កម្មវិធី ទាត់ចូល២៤គ្រាប់ និងបញ្ជូន១៧ដង តាំងពីចូលលេងក្រុមធំលើកដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧៕