ម៉ាឡេស៊ីសម្រេចបញ្ជូនក្រុមបាល់ទាត់ U19 លេងស៊ីហ្គេមឆ្នាំនេះ
សហព័ន្ធបាល់ទាត់ម៉ាឡេស៊ីបានសម្រេចបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់ខ្លួនចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣១ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះចុងឆ្នាំ២០២១នេះ។
ព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ខាងលើនឹងដំណើរការពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។
នេះជាការសម្រេចក្នុងកិច្ចប្រជុំក្នុងប្រឹក្សាសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីនាពេលថ្មីៗ។
អង្គភាពបាល់ទាត់ជាតិម៉ាឡេស៊ីយល់ឃើញថា ការបញ្ជូនក្រុម U19 ជាជម្រើសដ៏ល្អបំផុត ខណៈពួកគេក៏គ្រោងចូលរួម AFC U19 Championship ដែលអាចដំណើរការត្រីមាសទីមួយនៃឆ្នាំនេះ។
ក្រុម U19 ម៉ាឡេស៊ីដែលដឹកនាំដោយគ្រូបង្គោលជនជាតិអូស្ត្រាលី លោក Brad Maloney កំពុងរៀបចំផែនការរយៈពេលវែងដើម្បីឆ្ពោះទៅស៊ីហ្គេម២០២៣នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ឆ្នាំ២០២៣ ខាងមុខ និងត្រៀមជម្រុះអូឡាំពិក២០២៤ នៅបារាំង។
បើតាមលក្ខខណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ក្រុមជម្រើសជាតិទាំង១១ ត្រូវបញ្ជូនក្រុមចូលរួមមិនលើសអាយុ២២ឆ្នាំ៕