Berbatov ជម្រុញឱ្យ Man Utd ងាកមករកកីឡាកររូបនេះរបស់ក្រុម Real Madrid
(BC-99)
អតីតកីឡាករដែលជួយឱ្យបិសាចក្រហម Manchester United ឈ្នះជើងឯក Premier League ២សម័យ Dimitar Berbatov បាននិយាយថាក្លិបចាស់របស់លោកគួរតែផ្លាស់គំនិតទៅចាប់អារម្មណ៍លើប្រធានក្រុម Real Madrid Sergio Ramos ។
ខ្សែការពារសញ្ជាតិ អេស្បោ៉ញ Sergio Ramos ដែលមានវ័យ ៣៤ ឆ្នាំនឹងផុតកុងត្រារបស់ខ្លួនជាមួយ Real Madrid នៅខែមិថុនា ខាងមុខនេះហើយដោយពុំទាន់មានដំណឹងថារូបគេនឹងសម្រេចចិត្តបែបណាចំពោះអនាគតរបស់ខ្លួននុះឡើយ។
ស្របពេលនេះដែរអតីតខ្សែប្រយុទ្ធដែល Manchester United ទិញពី មាន់ខ្នាយមាស Tottenham Hot Spur នៅឆ្នាំ ២០០៨ Berbatov បានប្រាប់សារព័ត៌មាន AS ថា “ប្រសិនបើ Ramos អាចផ្លាស់មកកាន់ទឹកដី Old Trafford រូបគេនឹងមិនត្រឹមតែនាំមកនូវបទពិសោធន៍ដល់ក្រុម Manchester United ប៉ុណ្ណោះទេប៉ុន្តែក៏អាចជួយឱ្យក្រុមនេះសម្រេចគោលដៅបានច្រើនផងដែរ។ នៅជាមួយក្រុមបិសាចក្រហមគេអាចធ្វើបានយ៉ាងល្អបើទោះបីគេមានអាយុ ៣៤ ឆ្នាំក៏ដោយ។ គេគឺជាខ្សែការពារកណ្តាលដ៏កំពូលក្នុងចំណោមកីឡាករឆ្នើម ៗ នៅលើពិភព។ ខ្ញុំមិនភ្ញាក់ផ្អើលទេដែលមានក្រុមជាច្រើនចាប់អារម្មណ៍លើ Ramos។ ខ្ញុំគិតថា Real Madrid កំពុងតែមានការយល់ច្រឡំអំពីកុងត្រាថ្មីនិងវ័យរបស់គេ” ។