
លោក Mourinho ចង់នាំកីឡាករជើងចាស់របស់ Real Madrid ត្រលប់មក Spurs វិញ
(BC-99)
គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham លោក Jose Mourinho ចង់នាំយកកីឡាករជើងចាស់របស់ក្លិប Real Madrid Luka Modric មកកាន់ក្លឹបវិញ។
បើយោងទៅលើសុពលភាពកុងត្រារបស់ Modric ដែលនឹងបញ្ចប់ជាមួយ Real Madrid នៅខែមិថុនាខាងមុខនេះបានធ្វើឱ្យខ្សែបម្រើជម្រើសជាតិក្រូអាតរូបនេះអាចសម្រេចធ្វើតាមមិត្តរួមក្រុម Gareth Bale ដោយត្រលប់ទៅ Tottenham វិញនៅខែក្រោយនេះតែម្តង។
នៅក្នុងកម្មវិធិធីនៃទូរទស្សន៍អេស្ប៉ាញ El Chiringuito ប្រធានក្រុមហ៊ុន Okdiario លោក Eduardo Inda បាននិយាយអំពីការចង់បាន Modric ត្រឡប់ទៅជួយក្លិបចាស់វិញដោយលោកបានលើកឡើងថា៖“ទោះបីជាខ្ញុំគិតថាលោក Jose Mourinho នឹងជួបភាពស្មុគស្មាញក៏ដោយក៏គាត់នឹងកោះហៅកីឡាកររបស់ Real Madrid ម្នាក់ទៀតដែរ។ គាត់បានទូរស័ព្ទទៅ Luka Modric ហើយបានសួរគេថាតើចង់ត្រលប់ទៅក្រុមដែលគេធ្លាប់ជួយមុនពេលទៅលេងឱ្យ Real Madrid ដែរឬទេ? ប៉ុន្តែ Modric បានប្រាប់គាត់ថាបំណងប្រាថ្នារបស់គេគឺចង់បញ្ចប់អាជីពបាល់ទាត់នៅ Real Madrid” ។
បើទោះជាព័ត៌មានមួយនេះត្រូវបានគេចុះផ្សាយទូទាំងទ្វីបអឺរ៉ុបយ៉ាងណាក៏ដោយក៏គេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយឆ្លើយតបពីលោក Jose Mourinho ឬក៏ក្លិបដែលលោកកំពុងតែដឹកនាំនៅឡើយទេ។