ផ្លូវការ ! ខ្សែការពារកំពូលល្បឿន ឈិន ឈឿន វិលត្រលប់មកក្លិបចាស់វិញ
សមាគមកីឡាបាល់ទាត់ ខ ភ ម Tiffy Army FC បានប្រកាសជាផ្លូវការចំពោះការវិលត្រលប់ របស់ខ្សែការពារ ឈិន ឈឿន បន្ទាប់ពីបានចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន១រដូវកាលកន្លងមក ។
ឈិន ឈឿន បានបញ្ជាក់ថា ខ្ញុំធ្លាប់សន្យាជាមួយខ្លួនឯងរួចហើយថាមិនលេងអោយក្លិបច្រើននោះទេ ពោលរូបគេចង់លេងអោយតែក្លិបក្រសួងការពារមួយប៉ុណ្ណោះ ហើយការទៅលេងអោយក្លិប ព្រះខ័នរាជស្វាយរៀង គឺដើម្បីចង់បានបទពិសោធបន្ថែម និងចង់លេងក្នុងពានរង្វាន់ AFC Cup ។ ខ្សែការពាររូបនេះ បន្ថែមថា ក្លិបក្រសួងការពារជាតិ ប្រៀបបានដូចផ្ទះរបស់ខ្ញុំ ហើយជាកន្លែងផ្តល់កំណើតអោយខ្ញុំសម្រាប់វិស័យបាល់ទាត់នេះ ដូចនេះហើយខ្ញុំត្រូវតែផ្តល់គ្រប់យ៉ាង ជាមួយក្លិបនេះ ។
កីឡាករដើមកំណើតខេត្ត ព្រៃវែង រូបនេះជាយុវជនរបស់ក្លិបក្រសួងការពារជាតិ ដែលបានឡើងមកលេងឈុតធំក្នុងឆ្នាំ ២០១០ នឹងធ្លាប់ជួយក្លិបឈ្នះពានរង្វាន់ សម្តេច ហ៊ុន សែន ចំនួន ៣ សម័យផងដែរក្នុងនោះមានឆ្នាំ ២០១០ , ២០១៦ និង ២០១៨ ខណៈនៅរដូវកាល ២០២០ ក៏សម្រេចទៅចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដោយជួយក្លិបលោក Conor បានត្រឹមជើងឯករងលីគកំពូលកម្ពុជាតែប៉ុណ្ណោះ ។
នេះជាកីឡាករទី២ហើយដែលក្លិប Tiffy Army FC បានប្រកាសនាំចូល ខណៈកីឡាករដំបូងគឺអ្នកចាំទី គង់ រ៉ាហ្វាត់ ចំណែកកីឡាករដែលក្លិបទ័ពនេះបានប្រកាសចាកចេញរួមមានខ្សែប្រយុទ្ធ ទូច រ៉ូម៉ា និងការបញ្ចប់អាជីពជាកីឡាកររបស់ ខ្សែការពារ ខែក ខេមរិន្ទ ដោយបានទៅធ្វើជាគ្រូយុវជនអាយុក្រោម ១៨ ឆ្នាំ ៕