ត្រឹមស្មើ Man City មែន តែ Solskjaer ថា Man UTD លេងល្អខ្លាំង
លោក Ole Gunnar Solskjaer យល់ឃើញថា Manchester United បានបង្ហាញនូវការលេងយ៉ាងល្អបំផុតតទល់ Manchester City ក្នុងរជ្ជកាលរបស់លោកក្នុងនាមជាអ្នកចាត់ការបិសាចក្រហម។
ក្នុងការប្រកួតនៅ Old Trafford នាថ្ងៃសៅរ៍ ទី១២ ខែធ្នូ ក្រុម Manchester ទាំងពីរមិនអាចរកគ្រាប់បាល់បានឡើយ។ Manchester City មានឱកាសល្អបំផុតតាមរយៈ Riyad Mahrez ប៉ុន្តែ David de Gea ជួយសង្គ្រោះបាន។ Marcus Rashford គិតថាអាចបានបាល់ប៉េណាល់ទីសម្រាប់ Man UTD តែ VAR បង្ហាញថា off-side។
លោក Solskjaer បាននិយាយថា “៖ខ្ញុំធ្លាប់ដឹកនាំ Man UTD ឈ្នះ Man City ពីមុនដែរ តែឥឡូវវាខុសគ្នា។ យ៉ាងណា សម្រាប់ការប្រកួតលើកនេះ គឺពួកយើងបានបង្ហាញនូវគុណផលល្អ ទោះមិនមែនជាលទ្ធផលដែលយើងចង់បានក៏បាន។ បើនិយាយពីបច្ចេកទេសវិញ យើងដឹងថា Man City នឹងបង្កបញ្ហាដល់យើង ប៉ុន្តែយើងការពារបានល្អមែនទែន។ វាការប្រកួតផ្នែកផ្លូវចិត្តមួយដែរ ព្រោះយើងទើបតែធ្លាក់ចេញពី Champions League។”
ចំណែកលោក Pep Guardiola អ្នកចាត់ការ Manchester City មើលឃើញឱកាសល្អ៣ទៅ៤លើកដែរ ប៉ុន្តែបិសាចក្រហមអាចធ្វើបានល្អ ហើយលោកក៏មិនរំពឹងអ្វីច្រើនពេកដែរពីការប្រកួតនៅ Old Trafford ព្រោះ Man UTD ជាក្រុមដ៏ខ្លាំងមួយ។
លទ្ធផលស្មើគ្នា០ទល់នឹង០នេះធ្វើឲ្យ Manchester United ស្ថិតនៅលេខ៧ និង Manchester City ឈរលេខ៨៕