
អ៊ុំ សេរីរ័ត្ន បង្ហើបថាធ្លាប់ព្រមព្រៀងអស់ទៅហើយក្នុងការផ្លាស់ទៅក្លិប វិសាខា
អ្នកចាំទីរបស់ក្លិប ក្រសួងការពារជាតិ ( Tiffy Army ) កីឡាករ អ៊ុំ សេរីរ័ត្ន បានបង្ហើបរឿងពិតមួយថា រូបគេធ្លាប់បានព្រមព្រៀងផ្លាស់ទៅចូលរួមជាមួយក្លិប វិសាខា រួចរាល់អស់ទៅហើយ ប៉ុន្តែត្រូវបានអាកខានទៅវិញ ។
អ៊ុំ សេរីរ័ត្ន បានរៀបរាប់ថា ព័ត៌មានកន្លងមកក្នុងបណ្តាញសង្គមដែលថារូបគេផ្លាស់ពីក្លិប ទ័ព ទៅ វិសាខា កាលពីរដូវកាលមុន វាជារឿងពិត ពីព្រោះក្នុងជុំទី២ កាលពីរដូវកាល ២០២០ បន្ទាប់ពីក្លិបរបស់គេលេងតទល់ជាមួយ វិសាខា រួច គេបានទាក់ទងចង់បានរូបគេទៅចូលរួម ជាមួយ វិសាខា ហើយការចចារផ្សេងៗគឺបានជោគជ័យអស់ទៅហើយ ប៉ុន្តែរូបគេបែបជាខកខានទៅវិញ ដោយសារបញ្ហារបួសជង្គង់បានរើឡើងវិញ ហើយបញ្ហានោះបានអួសបន្លាយមកដល់បច្ចុប្បន្ននេះ។

គ្រូចាំទី សួង ភារម្យ
ប្អូនប្រុសរបស់ អ៊ុំ វិចិត្រ បន្ថែមថា គ្រានោះរូបគេពិតជាចង់ទៅចូលរួមជាមួយ វិសាខា ប្រាកដ មែន ដោយសារចង់ទៅធ្វើការជាមួយគ្រូអ្នកចាំទីរបស់គេវិញគឺលោកគ្រូ សួង ភារម្យ ដែលបានផ្លាស់ពី ក្រសួងការពារជាតិ ទៅ វិសាខា កាលពីឆ្នាំ ២០១៨ ប៉ុន្តែរដូវកាលថ្មីនេះគាត់បានវិលមក ក្រសួងការពារជាតិ វិញហើយ ។
សូមបញ្ជាក់ថា អ៊ុំ សេរីរ័ត្ន របួសរហែកសរសៃ MCL ចាប់តាំងពីពាក់កណ្តាលរដូវកាល ២០២០ មក ដោយខកខានការប្រកួតសំខាន់ជាច្រើន ពិសេសក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ដែល ធ្វើអោយ ទ័ព ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើង ខេត្តព្រៃវែង ៕