គុនខ្មែរ សោម វិឆ័យ តស៊ូសន្សំលុយពីការប្រកួតសង់ផ្ទះជាង ២ម៉ឺនដុល្លារ
ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរម្នាក់ សោម វិឆ័យ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងអាជីពទាំងការហ្វឹកហាត់និងប្រកួតដោយរូបគេបានតស៊ូក្នុងការឡើងសង្វៀនគុនខ្មែរដើម្បីសន្សំលុយជាមួយប្រពន្ធធ្វើការរោងចក្រសង់ផ្ទះយ៉ាងស្អាតមួយដោយចំណាយអស់ប្រមាណជាង២ ម៉ឺនដុល្លារនាខេត្តស្វាយរៀង ។
អ្នកប្រដាល់គុនខ្មែររបស់ក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ បានបង្ហើបប្រាប់ក្រុមការពារ MSR SPORT ថា ផ្ទះរបស់លោកសាងសង់រួចរាល់យូរដែរហើយ ដោយចំណាយអស់ប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយទឹកប្រាក់ទាំងអស់នេះមានមួយចំណែកបានមកពីការប្រកួតលើសង្វៀនរបស់គេ មួយចំណែកទៀតបានមកពីប្រពន្ធធ្វើការរោងចក្រ និងខ្ចីធានាគារបន្ថែមផងដែរ ។ អតីតកូនសិស្សរបស់លោក ឡុង សាលវ័ន្ត បន្ថែមថាបច្ចុប្បន្ន រូបគេប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំង ពីព្រោះដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួត កម្មវិធីធំ ៗ ដើម្បីរកចំណួលអោយបានច្រើនដើម្បីសងធនាគារ និងដើម្បីជីវភាពគ្រួសារផងដែរ ។
សូមបញ្ជាក់ថា សោម វិឆ័យ ជាអ្នកប្រដាល់គុនខ្មែរមកពីខេត្ត ស្វាយរៀង ដោយចាប់ផ្តើមហ្វឹកហាត់ដំបូងនៅក្នុងឆ្នាំ ២០១២ ជាមួយលោក ឡុង សាលវ័ន្ត នាក្លិប សាលវ័ន្តគុនខ្មែរ ខណៈឆ្នាំ ២០១៩ រូបគេបានសម្រេចចិត្តផ្លាស់ទៅក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ជាមួយលោកគ្រូ ឡុង វិបុល វិញ ។
ក្នុងការប្រកួតគុនខ្មែរកន្លងមក វិឆ័យ ធ្លាប់ទទួលបានជើងឯករងចំនួន២ដង ដោយលើកទី១នៅសង្វៀន TV 5 ចាញ់ រិន សារដ្ឋ ក្នុងវគ្គផ្តាច់ព្រ័ត្រ និងលើកចុងក្រោយក្នុងឆ្នាំ ២០២០ នេះចាញ់ សូត្រ ខេវិន ក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី១ កម្ពុជាសង្វៀនគុនខ្មែរនាសង្វៀន CNC ៕