Troy Deeney៖ពិន័យ៣ប្រកួតវាតិចណាស់សម្រាប់ពាក្យសម្តី Cavani!
(BC-99)
Troy Deeney បាននិយាយនៅក្នុងកម្មវិធីវិទ្យុនាប្រទេស អង់គ្លេស កាលពីព្រឹកម៉ិញនេះ Cavani សមនឹងទទួលពិន័យចំពោះទង្វើរបស់ខ្លួន។ ការហាមឃាត់មិនឱ្យចូលរួម ៣ ប្រកួតវាតិចពេកផងចំពោះការប្រើពាក្យ “ negrito”(ខ្មៅ) នៅលើបណ្តាញសង្គមរបស់កីឡាករ អ៊ូរុយហ្គាយ ម្នាក់នេះ!
ដោយបានសម្តែងនូវសេចក្តីរីករាយរបស់ខ្លួនខ្សែប្រយុទ្ធក្រុមបិសាចក្រហម Edinson Cavani បានសរសេរជាភាសា អេស្ប៉ាញ ថា”Gracias negrito ឬ សូមអរគុណ ខ្មៅ” ដែលប្រហែលជារូបគេចង់អរគុណដល់មិត្តរួមក្រុម Rashford ជាអ្នកបញ្ជូនបាល់ឱ្យគេស៊ុតរកគ្រាប់ជ័យជម្នះឱ្យ Manchester United ក្រោយពី Southampton បាននាំមុខមុន ២-០ អស់រយៈពេលជាង៦០នាទីទៅហើយ។ តែការសរសេរបែបនេះបានធ្វើឱ្យ Cavani កំពុងតែប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមាគមកីឡាបាល់ទាត់ FA ពីបទប្រមាថជាតិសាសន៍ដែលជាកំហុសធ្ងន់មួយដែរនៅក្នុងប្រទេសដ៏ស៊ីវិល័យមួយនេះ។
កីឡាកររបស់ក្រុម Watford Troy Deeney ដែលជាវាគ្មិនប្រចាំស្ថានីយ៍វិទ្យុ TalkSport បានធ្វើការណែនាំថា “អ្នកគួរតែរៀនសូត្រនិងព្យាយាមលប់បំបាត់អំពើប្រមាថរើសអើងជាតិសាសន៍ចាប់ពីពេលនេះមិនថាតាមរយៈកាយវិការឬពាក្យសម្តី។ កីឡាករ អង់គ្លេស ដែលជាចំណាកស្រុកមកពីប្រទេសដទៃតែងតែរងការបៀតបៀន។ ពួកយើងកំពុងតែប្រយុទ្ធនឹងការបែងចែកបែបនេះ”។
ក្លិប Manchester United ក៏បានចេញមកការពារ Cavani ដែរដោយបានលើកឡើងថា ការប្រើពាក្យបែបនេះនៅ អាមេរិច ខាងត្បូងវាជារឿងធម្មតាប៉ុណ្ណោះហើយវាក៏មិនធ្ងន់ធ្ងរអ្វីដែរចំពោះការថ្លែងអំណរគុណទៅកាន់មិត្តភក្តិ។ តែបើទោះជាមានសមីក្លិបចេញមុខបន្សាបរឿងនេះយ៉ាងណាក៏ Troy Deneey នៅតែទទូចថា បើពិន័យតែ៣ប្រកួតវាពិតជាតិចពេកផងនូវកំហុសមួយនេះ។