គ្រូ Southampton ៖ Man UTD ឈ្នះយើងសោះ តែអរដូចលើកពាន
លោក Ralph Hasenhuttl អ្នកចាត់ការ Southampton លើកឡើងថា ក្រុមកីឡាករ Manchester United បានអបអរជ័យជម្នះចុងម៉ោងលើក្រុមលោកយ៉ាងរីករាយពេញបន្ទប់ផ្លាស់សម្លៀកបំពាក់ ដែលបរិយាកាសនេះប្រៀបដូចការឈ្នះជើងឯក Premier League។
គ្រូបង្វឹកជនជាតិអូទ្រីសថ្លែងបែបនេះ “៖យើងឮពួកគេអបអរសប្បាយពេញបន្ទប់។ យើងដឹងពីអ្វីដែលយើងបានធ្វើ ហើយវាមានអារម្មណ៍ដូចម៉េចទេពេលពួកគេអបអរជ័យជម្នះលើពួកយើងដូចពួកគេបានឈ្នះពាន Premier League អ៊ីចឹងដែរ។”
ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា Southampton បាននាំមុខ Manchester United ២ទល់នឹង០ក្នុងវគ្គទីមួយ ដោយ Jan Bednarek នាទី២៣ និង James Ward-Prowse នៅនាទី៣៣។ ផ្ទុយទៅវិញក្នុងវគ្គទីពីរ ក្រុមបិសាចក្រហមវាយបកបាន៣គ្រាប់មកវិញ ដោយ Bruno Fernandes នៅនាទី៥៩ និង Edison Cavani នាទី៧៤ និង៩០+៣។
លោក Ralph Hasenhuttl និយាយថា ក្រុមរបស់លោកព្យាយាមលេងមួយៗដែរ តែក្រោយការប្ដូរ Edison Cavani ចូល ពិតជាមានសម្ពាធខ្លាំងនៅប្រអប់គ្រោះថ្នាក់។ ទោះទទួលបរាជ័យ លោកនៅតែបង្ហាញមោទកភាព និងសុទិដ្ឋិនិយមចំពោះកូនក្រុម។
ការចាញ់ Man UTD គឺជាបរាជ័យលើកដំបូងក្នុងចំណោម៩ប្រកួតចុងក្រោយនៅ Premier League រដូវកាលនេះ។ ក្រុមនៅ St Mary’s បច្ចុប្បន្នស្ថិតនៅលេខ៥ មាន១៧ពិន្ទុពីការប្រកួត១០លើក៕