ភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយខ្សែប្រយុទ្ធ Timothy
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅថ្ងៃនេះថា ក្លិបបានឈានដល់ការសម្រេចចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Okereke Timothy ជាផ្លូវការហើយក្រោយរូបគេបានមកចូលរួមពេញ១រដូវកាល២០២០ កន្លងមក ។
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាបានផ្លាស់ពីក្លិប អង្គរថៃហ្គ័រ មកកាន់ក្លិបជើងឯក ៦សម័យនៅរដូវកាលឆ្នាំ ២០២០ នេះ ដោយរូបគេរកបាន ១២គ្រាប់ ក្នុងការលេងនៅលីគកំពូលកម្ពុជាពេញមួយរដូវកាលនេះ ។
គួរដឹងថា Timothy បានមកប្រកបអាជីពនៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លិបស៊ីម៉ាក់ ហើយបានផ្ទេរទៅក្លឹបធំៗមួយចំនួន ដូចជាក្លឹបអាស៊ីអឺរ៉ុប និងក្លឹប UITM នៃលីគលំដាប់ទី២ របស់ម៉ាឡេស៊ី ហើយបានវិលមកកម្ពុជាវិញដោយ Timothy បានលេងឲ្យក្លឹបអង្គរថាយហ្គឺរ ដោយបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយក្រុមមានមូលដ្ឋានៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះទៀតផង ៕