ត្រឹមរយៈពេល២ថ្ងៃ Man City ចង់បានកីឡាករ Premier League ២នាក់
(BC-99)
ក្រុមបាល់ទាត់មេឃខៀវ Manchester City ដែលដឹកនាំដោយលោក Pep Guardiola កំពុងតែរិះរកវិធីពង្រឹងគុណភាពខ្សែប្រយុទ្ធរបស់ខ្លួនបន្ថែមទៀតក្រោយពីកីឡាករគោល Sergio Aguero ឋិតក្នុងភាពស្រពិចស្រពិល។
ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសដែលកំពុងលេងឱ្យ Aston Villa Jack Grealish ត្រូវបានលោក Pep ដាក់ក្នុងបញ្ជីចំបងចង់បានកីឡាកររូបនេះនៅខែមករាដើមឆ្នាំថ្មី ២០២១។ ការសម្លឹងឃើញបែបនេះស្របពេលដែលប្រសិទ្ធភាពជាអ្នកលេងក្នុងដំណែងបម្រើចែកបាល់និងស៊ុតបញ្ចូលទីរបស់ Kevin Debruyne ហាក់ដូចជាថមថយឥទ្ធិភាពនិងត្រូវគូប្រជែងកាន់តែមានឱកាសទប់ទល់ជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិកនេះបាន។
នៅម្សិលម៉ិញនេះដែរសារព័ត៌មានដែលថ្នឹកតែរឿងនយោបាយ The Independent ក៏បានទម្លាយរឿងមួយទៀតអំពីលោក Pep កំពុងតែលើកការពិភាក្សាផ្ទាល់ជាមួយម្ចាស់ភាគហ៊ុនធំរបស់ក្លិបអំពីលទ្ធភាពក្នុងការទិញយកខ្សែប្រយុទ្ធរបស់មាន់ខ្នាយមាស Tottenham Hot Spur Harry Kane មកចូលរួមក្រុមឱ្យបានយ៉ាងយូរបំផុតនៅដើមរដូវកាលថ្មី ២០២១-២២។ ការលើកឡើងបែបនេះក៏ព្រោះតែអនាគតខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero អាចនឹងត្រូវ City លក់ចេញនៅពេលខាងមុខនេះដែរ។
សូមរម្លឹកឡើងវិញដែរថាលោក Pep ទើបតែយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយមេឃខៀវរហូតដល់ឆ្នាំ ២០២៣ កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។ ជាថ្នូរនិងទឹកប៊ិចរបស់លោក Pep លើក្រដាសព្រមព្រៀងមួយនេះ ក្រុម Manchester City ត្រូវផ្តល់តម្លៃខ្លួន ២០លានផោនក្នុងមួយឆ្នាំដល់រូបលោកដែលនេះគឺជាតម្លៃខ្លួនរបស់អ្នកចាត់ការទូទៅថ្លៃជាងគេនៅ Premier League។ រីឯលក្ខខណ្ឌមួយទៀតដែលលោក Pep បានទាមទារគឺ Man City ត្រូវតែគោរពឆន្ទៈរបស់លោក។