PSG ត្រៀមកុងត្រា៣ឆ្នាំ និងលុយ២០លានអឺរ៉ូឲ្យ Ramos
Paris Saint Germain មានជំនឿចិត្តថា នឹងអាចផ្ទេរយកខ្សែការពារ Sergio Ramos ពេលគេអស់កិច្ចសន្យានៅ Real Madrid នាដំណាច់រដូវកាល២០២០/២០២១នេះ។
ក្រុមមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសត្រៀមរួចរាល់ហើយនូវកិច្ចសន្យា៣ឆ្នាំ បូករួមទាំងថ្លៃនឿយហត់២០លានអឺរ៉ូក្នុងមួយរដូវកាលសម្រាប់សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ។
AS រាយការណ៍ថា អ្នកចាត់ការ Real Madrid លោក Zinedine Zidane ក៏ចង់បន្តកុងត្រាដល់ Ramos ដែរ តែត្រឹមមួយរដូវកាលអីទៀតប៉ុណ្ណឹង ព្រោះគេមានវ័យច្រើនទៅហើយ។
អតីតខ្សែការពារ Sevilla ទទូចថា គេចង់បន្តលេងដល់ចូលនិវត្តន៍នៅក្រុមអធិរាជសតែម្ដង។ គេចង់បានយ៉ាងហោចណាស់២ឆ្នាំទៀត។
Ramos បានចូលរួមជាមួយ Real Madrid ពី Sevilla នៅឆ្នាំ២០០៥ ហើយឈ្នះពានរង្វាន់២២គ្រឿងធំៗ។ ទស្សនាវដ្ដីបាល់ទាត់បារាំងបានបញ្ចូលរូបគេក្នុងចំណោមខ្សែការពារល្អបំផុតលើលោក។
ដោយឡែក Real Madrid ក៏លេចឮដំណឹងថា ចង់បានខ្សែការពារ David Alaba ពី Bayern Munich ទៅជំនួស Ramos ដែរ៕