
Barca មានឱកាសទិញ Mbappe កាល២០១៧ តែខានវិញព្រោះរឿងមួយ
កាលឆ្នាំ២០១៧ FC Barcelona មានឱកាសទិញយកខ្សែប្រយុទ្ធ Kylian Mbappe ទៅហើយ តែបែរជាប្ដូរទិសដៅទៅផ្ទេរយក Ousmane Dembele ពី Borussia Dortmund ទៅវិញ។
នាពេលនោះ Mbappe លេងនៅ AS Monaco ហើយមានតម្លៃត្រឹម៩០លានផោនប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្រុមអ្នកមានបុណ្យបានចំណាយ១២៤លានផោនទិញ Dembele។ នេះបើតាមការបង្ហើបឲ្យដឹងពីអតីតសមាជិកថ្នាក់ដឹកនាំមួយរូបរបស់ Barca លោក Javier Bordas។
បុរសជនជាតិអេស្ប៉ាញប្រាប់កាសែត Mundo Deportivo បែបនេះ “៖ពេល Barca ស៊ីញ៉េកុងត្រា Dembele ខ្ញុំក៏ទទួលដំណឹងថា Mbappe ក៏ត្រៀមរួចរាល់ដើម្បីចូលរួមជាមួយ Barcelona ដែរ ហើយឪពុករបស់គេនិយាយថា គេនឹងមិនទៅ Real Madrid ទេ ព្រោះនៅនោះមាន Ronaldo, Bale និង Benzema ទៅហើយ ម្យ៉ាង Neymar ក៏ទើបចេញពី Barca ទៀត។”
លោក Bordas បន្តថា Monaco ក៏បើកភ្លើងបៃតងដល់ Barca ដូចគ្នា ព្រោះមិនចង់លក់ឲ្យ PSG ទេ តែទីបំផុតមិនអ្វីៗមិនទៅតាមគម្រោង។ Mbappe ក៏ផ្លាស់ទៅ PSG លើកិច្ចសន្យាខ្ចីនៅរដូវកាល២០១៧/២០១៨ មុនចូលរួមជាមួយផ្លូវការមួយឆ្នាំបន្ទាប់។ នៅ Parc de Prince ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរួមចំណែកយ៉ាងហូរហែ៕