Pedri ជាកីឡាករទី៤ទាត់ចូលឲ្យក្រុមធំ Barca មុនវ័យ១៨ឆ្នាំ
ខ្សែបម្រើប្រយុទ្ធ Pedri បានក្លាយជាកីឡាករវ័យក្មេងទី៤ដែលអាចរកគ្រាប់ឲ្យ FC Barcelona មុនឈានដល់វ័យ១៨ឆ្នាំ។
ការទាត់បញ្ចូលទីរបស់គេកើតឡើងនៅនាទី៩០ក្រោយទទួលបានបាល់ពី Sergi Roberto និងជាគ្រាប់ទី៤ក្នុងជ័យជម្នះ៥ទល់នឹង២លើ Real Betis ការប្រកួតក្របខណ្ឌ La Liga នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា។
កីឡាករវ័យក្មេង៣រូបមុនមាន Ansu Fati ពេលទាត់ចូល Osasuna ក្នុងអាយុ១៦ឆ្នាំនិង៣០៤ថ្ងៃ។ ចំណែក Bojan Krkic ទាត់ចូលកាលនៅវ័យ១៧ឆ្នាំនិង៥៣ថ្ងៃ និង Messi កាលនៅអាយុ១៧ឆ្នាំ និង៣១១ថ្ងៃ។
អ្នកចាត់ការ FC Barcelona លោក Ronald Koeman បានដាក់ Pedri ចូលលេងក្នុងជម្រើស១១នាក់ដំបូង ហើយអាយុរបស់គេពេលទាត់ចូលលើកដំបូងនេះ គឺ១៧ឆ្នាំ និង៣៤៨ថ្ងៃ។
គួរដឹងដែរថា Pedri ត្រូវបាន FC Barcelona ទិញពី Las Palmas នៅដើមរដូវកាលថ្មីនេះក្នុងតម្លៃ៥លានអឺរ៉ូ។ គេក៏ជាសមាជិកជម្រើសជាតិអេស្ប៉ាញពីក្រុម U17 ដល់ U21៕