គ្រូបង្វឹក Istanbul Başakşehir លោក Okan Buruk និយាថាការប្រកួតជាមួយ Man Utd គឺដើម្បីឈ្នះ
(BC-99)
ការប្រកួតក្របខ័ណ្ឌ Champions League រវាង Istanbul Başakşehir និង Manchester United នឹងចូលមកដល់នៅរាត្រីថ្ងៃពុធខាងមុខនេះហើយខណៈដែលលោក Okan Buruk គ្រូបង្វឹករបស់ក្រុមដែលមានមូលដ្ឋាននៅក្នុងប្រទេសទួរគីរូបនេះបាននិយាយថាក្រុមរបស់ខ្លួនលេងដើម្បីឈ្នះ។
ថ្វីត្បិតតែបានឃើញក្រុមបិសាចក្រហមបានឈ្នះពីរប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុលើម្ចាស់ផ្ទះ PSG និងក្រុមភ្ញៀវ RB Leipzig ក៏ដោយក៏គ្រូរបស់ក្រុម Başakşehir Okan Buruk មានការរំពឹងទុកជាមុនយ៉ាងមុតមាំថាក្រុមរបស់លោកនឹងរកបាន៣ពិន្ទុជាលើកដំបូងរបស់ខ្លួនពីក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ។
Buruk បានធ្វើការកត់សម្គាល់នូវចំនុចខ្វះខាតមួយចំនួនរបស់អ្នកដឹកនាំដែលជាអតីតកីឡាកររបស់ Man Utd រូបនេះបើទោះជាលោកអាចបង្រ្កាបក្រុម PSG របស់ Thomas Tuchel និងក្រុម RB Leipzig របស់ Julian Nagelsmann ក៏ដោយ។
លោក Buruk បាននិយាយថា “គាត់(Ole Gunnar Solskjaer) គឺជាគ្រូបង្វឹកដ៏ល្អនិងបានជួយឱ្យក្រុមរបស់ខ្លួនដែលកំពុងតែដឹកមនាំឱ្យក្លាយជាក្រុមដែលរឹងមាំមួយ។ តែខ្ញុំជឿជាក់ថាការប្រកួតរវាងពួកយើងនៅពេលខាងមុខនេះនឹងនាំយើងទៅដល់គោលដៅ ពោលគឺជាការឈ្នះ។ Man Utd នឹងមិនអាចយកបាន៣ពិន្ទុចេញពីទឹកដីរបស់យើងបានទេ។ ឯឱកាសស្មើគ្នានៅក៏មានច្រើនដែរ។ ខ្ញុំចង់និយាយថាយើងនឹងលេងដើម្បីឈ្នះការប្រកួតលើក្រុម Manchester (United)”។
គួរបញ្ជាក់ដែរថានៅក្នុងការប្រកួតជម្រុះក្នុងពូល H នៃក្របខណ្ឌ UEFA Champions League រដូវកាលនេះក្រុម Istanbul Başakşehir រកមិនទាន់បានមួយពិន្ទុណានៅឡើយទេដោយចាញ់ពីរប្រកួតជាប់គ្នាក្នុងនោះចាញ់ក្រុម RB Leipzig ២-០ និងចាញ់ PSG ២-០។