Kane បន្តបញ្ជូនឲ្យ Son រកគ្រាប់បាល់ឡើង Top Scorer នៅ PL
Harry Kane បានបន្តបង្កើតឱកាសឲ្យដៃគូចាក់ទឹកមិនលិចរបស់ខ្លួន គឺ Son Heung-min បំប៉ោងសំណាញ់ទីទៀតហើយក្នុងការប្រកួតក្របខណ្ឌ Premier League។
នាទី៧៦ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Kane បានតែតពីការលើកបាល់ជ្រុងដោយ Erik Lamela ទៅតារាឆ្នើមកូរ៉េខាងត្បូង ប្រើក្បាលអុកបញ្ចូលទីដែលជាគ្រាប់ជ័យជម្នះ០ទល់នឹង១លើម្ចាស់ផ្ទះ Burnley នៅថ្ងៃចន្ទ ទី២៦ ខែតុលា។
នេះជាលើកទី២៩ហើយដែល Kane និង Son រួមគ្នាបង្កើតគ្រាប់បាល់នៅក្របខណ្ឌកំពូលអង់គ្លេស។ គ្រាប់ជ័យជម្នះនេះក៏រុញ Son ទៅកាន់កំពូលតារាងអ្នកទាត់ចូលច្រើនជាងគេនៅ Premier League ដោយមាន៨គ្រាប់ច្រើនជាង Dominic Calvert Lewin របស់ Everton មួយគ្រាប់។
តាមពិត Burnley មានមួយគ្រាប់ដែរពី Ashley Barnes តែ off-side ហើយជាមួយគ្នានោះ Kane ក៏សង្គ្រោះបាល់ពីការតែតដោយ James Tarkowski ថែមទៀត។
អ្នកចាំទី Hugo Lloris បានសង្គ្រោះបាល់សំខាន់ៗពីរលើកដែលព្យាយាមដោយ Ashley Westwood និង Johann Gudmundsson។
Spurs ឡើងទៅលេខ៥ មាន១១ពិន្ទុពីក្រោមក្រុមកំពូលតារាង Everton ពីរពិន្ទុ។ ចំណែក Burnley នៅលេខ១៨ មានត្រឹមមួយពិន្ទុ៕