ធ្លាយរូបភាពអ្នកចាំទីបម្រុង Liverpool ដេកលក់ពេលប៉ះ Everton
នៅនាទី៨០នៃការប្រកួតតទល់ម្ចាស់ផ្ទះ Everton កាលថ្ងៃសៅរ៍ ទី១៧ ខែតុលា គេបានឃើញ Caoimhin Kelleher អ្នកចាំទីបម្រុងរបស់ Liverpool ដេកលក់យ៉ាងស្កប់ស្កល់ពីក្រោយខ្នងអ្នកចាត់ការ Jurgen Klopp។
ក្រោយឃើញសកម្មភាពខាងលើ ក៏មានពាក្យរិះគន់យ៉ាងខ្លាំងចំជួនការប្រកួតកំពុងតានតឹង។
Kelleher ត្រូវបានលោក Klopp ដាក់ចូលបញ្ជីប្រកួត ដោយអង្គុយនៅកៅអីបម្រុង ខណៈ Adrian ចូលចាប់ដៃទីមួយជំនួស Alisson Becker ដែលមានរបួសស្មា។
តាមពិតទៅ កន្លងមកក៏មានលេចឮដំណឹងថា Liverpool ចង់ទាក់ទងយកអ្នកចាំទី Paulo Gazzaniga ពី Tottenham Hotspur ដើម្បីបំពេញចន្លោះពេលអវត្តមាន Alisson។ ផ្ទុយទៅវិញ លោក Klopp សម្រេចចិត្តប្រើតែ Adrian និង Kelleher។
អ្នកចាំទីវ័យ២២ឆ្នាំ Kelleher ត្រូវបានដំឡើងពីឈុតថ្នាលទៅកាន់ក្រុមធំ Liverpool នៅឆ្នាំ២០១៩។
ក្នុងការប្រកួតជាមួយ Everton លទ្ធផលបញ្ចប់ទៅ២ទល់នឹង២។ ជិតចប់ទៅហើយ Jordan Henderson បានរកគ្រាប់ទី៣ តែក្រោយពិនិត្យដោយ VAR ក៏ឃើញថា Sadio Mane ដែលជាអ្នកបញ្ជូនបាល់នោះ ស្ថិតក្នុងជំហរ off-side បន្តិច។ ដូច្នេះមានន័យថា Everton នៅតែមិនទាន់ចាញ់ពីការប្រកួត៥លើក ដោយមាន១៣ពិន្ទុ ពីលើក្រុមលេខពីរ Liverpool ៣ពិន្ទុ៕