Messi ជិះយន្ដហោះផ្ទាល់ខ្លួនថ្លៃ១៥លានដុល្លារនាំមិត្តរួមក្រុមទៅជួយជម្រើសជាតិ
នៅព្រលប់ថ្ងៃចន្ទ ទី០៥ ខែតុលា យន្តហោះឯកជនរបស់ Lionel Messi បានចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសអាហ្សង់ទីនដោយនាំទាំងមិត្តរួមក្រុមជាច្រើនត្រឡប់ទៅជួយក្រុមជម្រើសជាតិ។
ក្រៅពីមិត្តរួមជាតិក៏មានអតីតមិត្តរួមក្រុម Barcelona គឺ Luis Suarez រួមនៅលើយន្ដហោះនេះដែរ ហើយគេត្រូវបន្តដំណើរទៅកាន់ប្រទេសអ៊ុយរុយហ្គាយ។
នេះគឺជាជើងហោះហើរតែមួយគត់ទៅកាន់ប្រទេសអាហ្សង់ទីននៅសម័យកូវីដ១៩។
យន្ដហោះនេះឈ្មោះថា Gulftream V ត្រូវបាន Messi ទិញនៅចុងឆ្នាំ ២០១៨ ក្នុងតម្លៃ ១៥ លានដុល្លារ។ យន្ដហោះមាន ១៦ កៅអីដែលអាចបំលែងជា ៨ គ្រែ។ វាមានបន្ទប់ទឹក ២ ផ្ទះបាយ ២ និងមានបរិក្ខារលំដាប់ទីមួយ។ យន្ដហោះនេះមានបណ្តោយ ២៩ ម៉ែត្រ, ទទឹង ២៨ ម៉ែត្រ (រួមទាំងស្លាប ២) និងកម្ពស់ ៨ ម៉ែត្រ ល្បឿនអតិបរមា ៩៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
កីឡាករដែលបានអមដំណើរជាមួយ Messi រួមមាន Lucas Ocampos (Sevilla), Huevo Marcos Acuna (Sevilla), Paulo Dybala (Juventus), Nicolas Otamendi (Benfica) និង Nehuen Perez (Atletico Madrid) ។ ពួកគេត្រូវបានគ្រូបង្គោលជម្រើសជាតិអាហ្សង់ទីន Lionel Scaloni កោះហៅទៅជួយក្រុម។
ក្រុមរហស្សនាមពពកសនឹងត្រូវប្រកួតជម្រុះ FIFA World Cup 2022 ប្រចាំទ្វីបអាមេរិចខាងត្បូង ទល់នឹងអេក្វាឌ័រលើដីខ្លួនឯងនៅថ្ងៃទី ៨ ខែតុលា មុនទៅប្រទេសបូលីវីដើម្បីលេងការប្រកួតលើកទី ២ របស់ពួកគេនៅថ្ងៃទី១៣ ខែតុលា។ ទន្ទឹមនឹងនេះដែរ ក្រុមអ៊ុយរុយហ្គាយរបស់ Suarez នឹងធ្វើជាម្ចាស់ផ្ទះទទួលឈីលី និងទៅផ្ទះអេក្វាឌ័រ៕