
មុនប៉ះគ្នាថ្ងៃអាទិត្យ Mourinho ច្រានចោលរឿងគេថា គាត់ចង់សងសឹក Man UTD
លោក Jose Mourinho អ្នកចាត់ការ Tottenham Hotspur បានទាត់ចោលសម្ដីពីមនុស្សមួយចំនួនដែលថា លោកនឹងសងសឹក Manchester United ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី០៤ តុលា ខាងមុខ។
កាលមកដឹកនាំ Spurs ដំបូងៗ លោក Mourinho ធ្លាប់ចាញ់ក្លិបចាស់ Man UTD នៅ Old Trafford ២ទល់នឹង១ អំឡុងខែធ្នូឆ្នាំមុន ប៉ុន្តែបុរសជនជាតិព័រទុយហ្កាល់រូបនេះអះអាងថា គ្មានអារម្មណ៍មិនល្អណាមួយចំពោះបិសាចក្រហមទេ។
លោក Mourinho ថ្លែងក្នុងសន្និសីទមុនការប្រកួតបែបនេះ “៖តើអ្វីទៅជាការសងសឹក? ខ្ញុំបានឈ្នះច្រើនប្រកួតនៅ Old Trafford ក្នុងនាមជាគ្រូបង្វឹករបស់ Man United និងក្នុងនាមជាគ្រូបង្វឹកក្រុមគូប្រជែង។ សងសឹករឿងអី? គ្មាននរណាម្នាក់ធ្វើបាបខ្ញុំទេទីនោះ។ អ្នករាល់គ្នាល្អដាក់ខ្ញុំ។ ខ្ញុំមិនមានសត្រូវនៅទីនោះទេ ខ្ញុំមិនមានអារម្មណ៍មិនល្អទេ អ៊ីចឹងសងសឹកដើម្បី។ វាគ្រាន់តែជាការប្រកួតបាល់ទាត់ដែលខ្ញុំចង់ឈ្នះប៉ុណ្ណោះ។”
អតីតអ្នកចាត់ការ FC Porto, Chelsea, Inter Milan និង Real Madrid បាននិយាយថា លោកនឹងមិនមានលេសអ្វីទេក្នុងការប្រកួតលើកទី៤ក្នុងរយៈពេល៨ថ្ងៃ។
លោក Mourinho ដែលត្រូវបាន Man UTD បញ្ចប់តំណែងជិតពីរឆ្នាំមុន បានត្អូញរឿងកីឡាករលេងច្រើនប្រកួតមិនសូវបានសម្រាក។ យ៉ាងណា លោកថា នឹងព្យាយាមរៀបចំក្រុមឲ្យល្អ មុនការសម្រាកជាអន្តរជាតិ៕