Zlatan ចង់ឲ្យគេចាត់ទុកខ្លួនដូចក្មេងអាយុ២០ឆ្នាំ
Zlatan Ibrahimovic រកបានពីរគ្រាប់ជួយ AC Milan ឈ្នះ ២-០ លើ Bologna ក្នុងការប្រកួត Serie A នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា តែនៅតែមិនទាន់ពេញចិត្តនឹងការលេងរបស់ខ្លួន។
Ibrahimovic ប្រាប់ Sky Sport ថា “ខ្ញុំនៅតែលេងល្អ និងខិតខំរហូតមក។ នេះជាការប្រកួតទីពីរនៃរដូវកាលនេះ។ AC Milan ឈ្នះហើយខ្ញុំអាចបន្តរកគ្រាប់បាល់។ ប្រសិនបើខ្ញុំមានអាយុ២០ឆ្នាំ ខ្ញុំអាចរកបាន ២ គ្រាប់ទៀត។ ខ្ញុំចូលចិត្តអារម្មណ៍នៃការទទួលខុសត្រូវ។ សម្ពាធធំបំផុតគឺអ្វីដែលខ្ញុំតែងតែចង់ជួប។ មិនចង់ឲ្យមនុស្សនិយាយពីអាយុខ្ញុំទេ។ ខ្ញុំចង់ឲ្យគ្រប់គ្នាចាត់ទុកខ្ញុំនៅក្មេងនៅឡើយ។ ខ្ញុំមានអាយុ ៣៨ ឆ្នាំហើយ ខ្ញុំចង់ទទួលបានការចាប់អារម្មណ៏ដូចជាកីឡាករអាយុ២០ឆ្នាំ ហើយអាចធ្វើការងារដូចគ្នានេះបាន។”
ឈានជើងចូលវ័យ៣៩ឆ្នាំនាពេលឆាប់ៗ Ibrahimovic នៅតែជាខ្សែប្រយុទ្ធអាទិភាពសម្រាប់អ្នកចាត់ការ Stefano Pioli នៅ AC Milan ។ មុនពេលស៊ុតបាល់បញ្ចូលទីពីរគ្រាប់ទល់នឹង Bologna គេក៏បានបង្ហាញភាពលេចធ្លោក្នុងការប្រកួតតទល់ Shamrock Rovers វគ្គជម្រុះជុំទី៣ ពានរង្វាន់ Europa League នៅថ្ងៃទី ១៨ ខែកញ្ញា។
រដូវកាលមុននេះ Ibrahimovic បានបង្ហាញឥទ្ធីពល ក្រោយផ្លាស់ទៅក្លិបចាស់កាលខែមករា ឆ្នាំ២០២០។ គេរកបាន ១០ គ្រាប់ និងបញ្ជូន៥គ្រាប់ក្នុងការបង្ហាញខ្លួន១៨លើកនៅក្របខណ្ឌ Serie A រួមចំណែកឲ្យ AC Milan បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦នៅថ្ងៃចុងក្រោយ។ កាលពីថ្ងៃទី០១ ខែកញ្ញា អតីតខ្សែប្រយុទ្ធក្រុម Ajax, Juventus, Inter Milan, Barcelona, PSG, Manchester United និង LA Galaxy បានសម្រេចចិត្តបន្តកុងត្រានៅ AC Milan ដល់ខែមិថុនាឆ្នាំ ២០២១៕