
ម្ចាស់ក្លិប Man Utd បញ្ចេញលុយអភិវឌ្ឍន៍ក្លិបតិចជាងគេនៅ Premier League!
(BC-99)
ក្រុមបិសាចក្រហម MANCHESTER UNITED ត្រូវបានរាយការន៍អោយដឹងថាជាក្លិបដែលបានចំណាយទឹកប្រាក់តិចបំផុតយកទៅវិនិយោគក្រុមរបស់ខ្លួនបើធៀបទៅនឹងក្លឹប ១៩ ទៀតនៅក្នុងក្របខណ្ឌ Premier League ស្របពេលដែលក្រុម Arsenal ក៏មានបញ្ហាក្នុងការចំណាយលើការអភិវឌ្ឍន៍នេះដែរ។
ក្រុមដែលមានមូលដ្ឋាននៅ Old Trafford តែងតែបានឈរលើកំពូលតារាងក្នុងចំណោមក្លិបបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាគេបំផុតនៅក្នុងពិភពលោកនារយៈពេលប៉ុន្មានឆ្នាំជាប់គ្នាកន្លងមកនេះ។ ប៉ុន្តែអ្វីៗហាក់ដូចជាកំពុងផ្លាស់ប្តូរកាន់តែអាក្រក់ទៅៗហើយក៏បានបង្កើតឱ្យមានការព្រួយបារម្ភចាប់តាំងពីដើមរដូវកាល ២០១៤-១៥ មក។
ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ចុងរដូវកាល ២០១៨-១៩ Man Utd មានការវិនិយោគតិចបំផុតពីម្ចាស់ក្លឹបដែលជាពពួកមនុស្សក្នុងត្រកូល Glazers ប្រសិនបើគេធៀបទៅនឹងក្លិបផ្សេងទៀតដែលស្ថិតក្នុងក្របខណ្ឌលំដាប់កំពូលមួយនេះ។តាមពិតទៅម្ចាស់ក្រុមបិសាចក្រហមពិតជាបានដកលុយពីប្រាក់ចំណេញយ៉ាងហោច ៨៩ លានផោនពីក្លិបនេះជារៀងរាល់ពាក់កណ្តាលរដូវកាល នេះបើយោងតាមសារព័ត៌មានស្វីស Ramble បង្ហើបអោយដឹង។ វាបានធ្វើអោយលំហូរសាច់ប្រាក់របស់ Manchester United មិនមានភាពច្បាស់លាស់ដូចក្រុមកំពូលទាំង៦ឯទៀតឡើយ។
បើទោះជាម្ចាស់ក្លិប Glazers បានយកលុយពីក្លិបចំនួន ៨៩ លានផោនជាទៀងទាត់ក៏ដោយក៏ក្លិប Man Utd នៅតែរកលុយមកវិញបានយ៉ាងស្រួល ក៏ប៉ុន្តែប្រាក់ចំណូលទាំងនេះនៅតែឋិតនៅក្នុងកណ្តាប់ដៃរបស់មហាសេដ្ឋីអាមេរិចរូបនេះដដែល រីឯប្រាក់យកទៅចាយទិញកីឡាករគ្រាន់តែចំណែកដ៏តូចស្តើងនៃលុយចំណេញដ៏មហាសាលតែប៉ុណ្ណោះ។