Newcastle បានចុះហត្ថលេខាយកកីឡាករខ្សែបម្រើ Jeffley
(BC-99)
Jeff Hendrick បានចុះកុងត្រាជាមួយក្លឹប Newcastle United ដោយមិនគិតថ្លៃ នេះបើយោលទៅតាមសារព័ត៌មាន Talk Sport ដែលបានចេញផ្សាយក្នុងថ្ងៃនេះ។
ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Burnley បន្ទាប់ពីកិច្ចសន្យារបស់គេនៅឯ Turf Moor បានផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាដោយមិនមានការបន្តកុងត្រាថ្មីឡើយ។
ជាលទ្ធផលគេបានក្លាយជាកីឡាករចំណូលថ្មីរបស់ក្រុមសារិការព្រៃដោយមិនមានថ្លៃទិញដូរឡើយហើយ Hendrick ក៏បាននិយាយដែរថា៖ “Newcastle United ជាក្លឹបដ៏អស្ចារ្យហើយលេងអស់រយៈពេលជាច្រើនឆ្នាំ។ នៅពេលដែលខ្ញុំដើរចូលទៅកាន់កីឡាដ្ឋានមួយនេះវាបានធ្វើអោយខ្ញុំមានអារម្មណ៍កាន់តែចង់លេងនៅទីនេះកាន់តែខ្លាំងឡើងថែមទៀត”។
អ្នកចាត់ការទូទៅក្រុម Newcastle លោក Steve Bruce បានបន្ថែមថា៖ “គេគឺជាមនុស្សដែលខ្ញុំកោតសរសើរជាយូរមកហើយ។ ខ្ញុំបានមើលគេលេងតាំងតែពីគេនៅជាមួយ Derby រហូតប្តូរមក Burnley ។ គេគឺជាកីឡាករដែលមានសមត្ថភាពដែលយើងមិនត្រូវខកខាន!”
សូមបញ្ជាក់ថា Jeff Hendrick គឺជាកីឡាករជម្រើសជាតិសាធារណរដ្ឋអៀរឡង់ដែលបានបង្ហាញខ្លួន ៥៤ ដងនិងស៊ុតបញ្ចូលទីបាន ៩ គ្រាប់។ ដោយឡែករូបគេក៏បានបង្ហាញខ្លួនចំនួន ១២០ ប្រកួតនៅ Premier League សម្រាប់ Burnley បន្ទាប់ពីការផ្លាស់ប្តូរពី Derby នៅឆ្នាំ ២០១៦ មកផងដែរ។