ចេញមកហើយក្រុមដែលត្រូវប៉ះគ្នាជុំទី២ប្រជែងជើងឯកលីហ្គកំពូលកម្ពុជា
ក្រោយបញ្ចប់ជុំទី១ ពានរង្វាន់លីហ្គកំពូលកម្ពុជា Metfone Cambodian Leagueបានរកឃើញក្រុមទាំង៦ដែលត្រូវប្រកួតប្រជែងគ្នានៅជុំទី២ដើម្បីរកម្ចាស់ជើងឯកក្នុងរដូវកាលនេះ ដែលមានក្រុម បឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា ទ័ព ភ្នំពេញក្រោន និង ណាហ្គាវើល ខណៈការចាប់គូសម្រាប់ក្រុមទាំង៦នេះក៏បានធ្វើរួចរាល់សម្រាប់ការប្រកួតសប្តាហ៍ទី១៤ ដោយការចាប់គូបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ នេះនាពហុកីឡដ្ឋានជាតិអូឡាំពិក ។
ការចាប់គូសម្រាប់ក្រុមប៉ះគ្នាយកជើងឯកបង្ហាញថា នៅថ្ងៃទី ០៥ ខែ កញ្ញា ក្រុម ទ័ព ត្រូវប៉ះ ណាហ្គាវើល នាកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៦ល្ងាច ស្របពេលដែល វិសាខា ជួប បឹងកេត នៅថ្ងៃទី ០៦ ខែ កញ្ញា នាកីលដ្ឋាន ព្រីនស៍ វេលាម៉ោង ៦ល្ងាច និង ព្រះខ័នរាជសា្វយរៀង ជួប ភ្នំពេញក្រោន នាកីឡដ្ឋានស្វាយរៀង វេលាម៉ោង ៦ល្ងាច ។
សូមបញ្ជាក់ថា ក្រុមដែលបញ្ចប់លេខរៀងទី ១ ដល់ ៦ ក្នុងជុំទី១ នឹងត្រូវប្រកួតវិលជុំប៉ះគ្នាសរុបមាន ៥ប្រកួត សម្រាប់មួយក្រុមដោយបូកពិន្ទុបន្តពីជុំទី១មក ដោយមិនប្រកួតជាមួយក្រុមដែលបញ្ចប់លេខរៀងទី ៧ ដល់ ១៣ នោះទេ ពោលក្រុមដែលមានលេខរៀងទី ៧ ដល់ ១៣ ធ្វើការប្រកួតវិលជុំជាមួយគ្នាដើម្បីរក១ក្រុមបាតតារាងធ្លាក់ទៅលីហ្គទី២ តែប៉ុណ្ណោះ ៕