Deco មិនហ៊ានស្រមៃពេល Barca គ្មាន Messi
(BC-99)
អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ Deco បាននិយាយប្រាប់អ្នកសារព័ត៌មានថា Lionel Messi ត្រូវតែជឿជាក់ថា Barcelona នៅតែជាក្លិបដ៏ត្រឹមត្រូវសម្រាប់បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ។
ចាប់តាំងពី Bayern Munich បានបំបាក់មុខក្រុម FC Barcelona ក្នុងពានរង្វាន់ UEFA Champions League វគ្គ១/៤ដោយលទ្ធផល ៨-២ កាលពីពេលកន្លងមកបានធ្វើអោយរឿងរ៉ាវអនាគតរបស់ Messi ក្លាយជាប្រធានបទនៃការជជែកគ្នាមិនចេះជិនណាយ។
សារព័ត៌មាននានានៅតំបន់ Catalonia បានចចេចចចូចថាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះនៅតែមិនមានភាពកក់ក្តៅចំពោះក្តីសង្ឃឹមនៅ Camp Nou តទៀតឡើយបន្ទាប់ពីបានជួបជាមួយគ្រូបង្វឹកថ្មីលោក Ronald Koeman ។
ដោយធ្លាប់ជាមិត្តភក្តិរួមក្លឹប FC Barcelona ផងនោះ Deco បានថ្លែងប្រាប់សារព័ត៌មាន Mundo Deportivo ថា “ ខ្ញុំមិនអាចដឹងថាតើ Messi នឹងចាកចេញឬក៏អត់នោះទេ ប៉ុន្តែគេមានកិច្ចសន្យា ។ គេជាកីឡាករម្នាក់ដែលចង់បន្តការឈ្នះអ្វីៗទាំងអស់ជាមួយក្លិប តែវាក៏អាស្រ័យលើអ្វីដែល Barca អាចផ្តល់អោយគេនូវការប្រកួតប្រជែងដែរ។ ខ្ញុំមិនអាចស្រមៃឃើញទេនៅពេល Barca គ្មាន Messi ប៉ុន្តែវានឹងកើតឡើងនាពេលណាមួយ” ។
គួរបញ្ជាក់ថាអតីតកិឡាករជម្រើសជាតិ ព័រទុយហ្គាល់ Deco ធ្លាប់លេងអោយ FC Barcelona ក្នុងបអំឡុងឆ្នាំ ២០០៤-២០០៨ និងបានផ្លាស់មកកាន់តោខៀវ Chelsea ក្នុងអំឡុងឆ្នាំ ២០០៨-២០១០ ក្រោយពីបញ្ចប់អាជីពបាល់ទាត់ត្រឹមក្លឹប Fluminense នៅឆ្នាំ ២០១៣ លោកក៏បានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០១៤ ផងដែរ។