ទីបំផុត ប្រាក់ មុន្នីឧត្តម រកបានគ្រាប់បាល់ហើយ និងជួយ ព្រះខ័នរាជស្វាយរៀង បន្តមិនស្គាល់បរាជ័យ
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជុំទី១ សប្តាហ៍ទី១២ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានទទួលជ័យជម្នះលើក្រុមភ្ញៀវ អគ្គស្នងការដ្ឋាននរគបាលជាតិ ហៅកាត់ប៉ូលីស ក្នុងលទ្ធផល ៥ ទល់ ២ ស្របពេលដែលកីឡាករ ប្រាក់ មុន្នីឧត្តម រកបាន ២គ្រាប់ជាលើកដំបូង ខណៈតាំងពីចាប់ផ្តើមរដូវកាលថ្មីមកមិនអាចបំប៉ោងសំណាញ់ទីបានឡើយ ។
គ្រាប់ជ័យជម្នះទាំង ៥ គ្រាប់ របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី១៦ និងនាទី៥២ ខណៈដែល នុប តុលា រកបានដោយការទាត់បាល់ ១១ម៉ែត្រ នៅនាទី១៩ ហើយនៅនាទី៨១ អ្នកចាំទីប៉ូលីស ប្រាក់ មុន្នីភិរុណ ធ្វើអោយបាល់ចូលទីខ្លួនឯង និងខ្សែប្រយុទ្ធប្រេសុីល Pedro រកបាននៅនាទី៩០។ ចំណែកគ្រាប់បាល់ទាំងពីររបស់ក្រុមភ្ញៀវរកបានដោយកីឡាករនីហ្សេរីយ៉ា Matthew Osa ទាំង២គ្រាប់ ពោលគឺនៅនាទីទី២២ និងនាទី៥៨ ។
ឆ្លងកាត់ការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង នៅតែមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ដោយ ១១ ប្រកួត ឈ្នះ ១០ ដង និងស្មើម្តង កំពុងឈរកំពូលតារាង នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០នេះ ខណៈដែល ប៉ូលីស អស់ឱកាសដណ្តើមពានហើយ ពោលគឺចូលដល់ជើងទី២ ត្រឹមប្រកួតកំដរប៉ុណ្ណោះ៕