
Pique ទាមទារការផ្លាស់ប្ដូរជាបន្ទាន់ក្រោយចាញ់ Bayern ៨-២
Gerard Pique គិតថា FC Barcelona ត្រូវតែមានការផ្លាស់ប្ដូរទាំងបុគ្គល និងរចនាសម្ព័ន្ធនានាដើម្បីកែទម្រង់ក្រុម ក្រោយចាញ់ Bayern Munich ៨ទល់នឹង២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នៅថ្ងៃសុក្រ ទី១៤ ខែសីហា។
ខ្សែការពារ Barca ខាងលើលើកឡើងបែបនេះ “៖យើងធ្លាក់ខ្លាំងមែនទែន។ ប្រសិនបើការចាកចេញធ្វើឲ្យមានការផ្លាស់ប្ដូរ ខ្ញុំនឹងធ្វើវាមុនគេ។ យើងត្រូវតែគិតគូរកែប្រែជាបន្ទាន់។ គិតឲ្យច្បាស់ ហើយសម្រេចរកអ្វីដែលល្អបំផុតសម្រាប់ក្លិប។ ខ្ញុំពិតមានអារម្មណ៍អាម៉ាសណាស់ ហើយពិបាកទទួលយកថែមទៀត។”
អតីតសមាជិក Manchester United បន្ថែម “៖ត្រូវផ្លាស់ប្ដូរច្រើនណាស់។ ខ្ញុំអត់និយាយពីគ្រូ ឬកីឡាករទេ។ យើងត្រូវតែផ្លាស់ប្ដូរប្រព័ន្ធ និងរចនាសម្ព័ន្ធ តាំងពីអាតូចតាចទៅ។ អត់អាចបិទភ្នែកធ្វើហីៗបានទេ។”
នេះជាការរបូតដល់ទៅ៨គ្រាប់លើកដំបូងសម្រាប់ FC Barcelona ក្នុងរយៈពេល៧៤ឆ្នាំចុងក្រោយ។ សូម្បីលោក Lothar Matthaeus អតីតខ្សែប្រយុទ្ធ Bayern Munich ក៏បានពោលភ្ញាក់ផ្អើលចំពោះលទ្ធផលនេះថា នឹកស្មានមិនដល់ដូចគ្នា។
ដូច្នេះ Bayern Munich ត្រូវរង់ចាំក្រុមឈ្នះរវាង Manchester City និង Lyon ដែលត្រូវប៉ះគ្នានៅថ្ងៃសៅរ៍ ទី១៥ ខែសីហា នេះ៕