Joao Felix ចង់រីកចម្រើនដូច Griezmann ក្រោមការដឹកនាំរបស់លោក Simeone
(BC-99)
Joao Felix សង្ឃឹមថានឹងធ្វើត្រាប់តាមការរីកចម្រើនរបស់ Antoine Griezmann ក្រោមការដឹកនាំរបស់ Diego Simeone ខណៈដែលតារាឆ្នើមជាតិព័រទុយហ្កាល់រូបនេះបានបដិសេធថាគេមិនមានបញ្ហាអ្វីជាមួយ Atletico Madrid ដូចដែលព័ត៌មានធ្លាប់បានចុះផ្សាយទេ។
Atletico Madrid បានចំណាយប្រាក់ចំនួន ១២៦ លានផោនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះពី Benfica បន្ទាប់ពីកីឡាករ Griezmann បានចាកចេញទៅកាន់ទីក្រុងបាសេឡូណា។
វាជាយុទ្ធនាការដំបូងដែលគួរអោយកត់សំគាល់សម្រាប់ Joao Felix ដែលរហូតមកដល់ពេលនេះរូបគេបានបញ្ចេញសមត្ថភាពរកគ្រាប់បាល់បាន ៨ គ្រាប់និងបញ្ជូនបាល់បានចំនួន ៣ ដងក្នុងការបង្ហាញខ្លួន ៣៥ លើកនៅគ្រប់ការប្រកួតរបស់ក្រុមដែលដឹកនាំដោយលោក Simeone ។
បើទោះជាមិនអាចមើលអនាគតរបស់ខ្លួនឃើញប៉ុន្តែកីឡាករវ័យ ២០ ឆ្នាំរូបនេះនៅតែមានមហិច្ឆតាចង់ក្លាយជាតារាបាល់ទាត់ដ៏លេចធ្លោរមួយរូបនៅ Atleti ដូចជាអតីតរៀមច្បង Griezmann ដែរ។
Joao Felix បានប្រាប់សារព័ត៌មាន Marca ថា “ប្រសិនបើខ្ញុំអាចធ្វើអ្វីដែល Griezmann បានធ្វើឬកែលម្អវានោះវានឹងមិនអីទេព្រោះគាត់បានបង្កើតប្រវត្តិសាស្ត្រនៅក្នុងក្លឹបនេះ។ គាត់ធ្វើបានល្អណាស់គាត់មានការរីកចម្រើនច្រើនជាមួយ El Cholo (Simeone) ហើយបើសិនជាខ្ញុំធ្វើបានយ៉ាងដូច្នេះ វាពិតជាល្អណាស់សម្រាប់ខ្ញុំ” ។
ស្របពេលជាមួយគ្នានេះ Simeone ក៏បានអះអាងដែរថា Joao Felix នឹងបង្ហាញនូវទម្រង់លេងដ៏ល្អបំផុតរបស់គេនៅពេលដែលកីឡាករវ័យក្មេងរូបនេះអាចសម្របខ្លួននៅ LaLiga ដូចជាការតាំងចិត្តរបស់គេ។