អ៊ន ចាន់ប៉ូលីន ព្រួយបារម្ភតំបន់ប្រយុទ្ធពេលប្រកួតជាមួយ អាសុីអឺរ៉ុប ក្នុងពានសម្តេចថ្នាក់ជាតិ
ខ្សែបម្រើការពារ អ៊ន ចាន់ប៉ូលីន បានលើកឡើងអំពីក្តីបារម្ភខ្លះពាក់ព័ន្ធជាមួយកីឡាករក្នុងស្រុកដូចគ្នា ខណៈក្រុមរបស់ខ្លួនប្រើប្រាស់កីឡាករបរទេសច្រើននៅតំបន់ប្រយុទ្ធ និងមានការប្រកួតប្រជែងខ្លាំង ស្របពេលដែលមិត្តរួមក្រុមមិនសូវបានលេងប្រយុទ្ធរួមគ្នាច្រើន ប៉ុន្តែក៏នៅមានភាគរយឈ្នះច្រើនដោយសារតែជាជំនួបក្នុងទឹកដី ភ្នំពេញក្រោន ។
ប្រធានក្រុមវ័យក្មេងបាននិយាយថា៖ គោលដៅរបស់ពួកយើងគឺប្រជែងយកពានរង្វាន់សម្តេច ហើយសម្រាប់ការប្រកួតលើកដំបូងជាមួយអាស៊ីអឺរ៉ុប ខ្ញុំគិតថាជាការប្រកួតមួយដ៏ស្វិតស្វាញ ព្រោះកីឡាករខ្មែរយើងនឹងបញ្ចេញសមត្ថភាពទាំងអស់គ្នាលើទីលាន យើងមិនអាចមើលងាយពួកគេបានទេ ប៉ុន្តែយើងក៏ត្រូវបង្ហាញភាពខ្លាំងរបស់យើងផងដែរ ។ កីឡាករខ្មែររបស់យើងគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រជែងពានរង្វាន់សម្តេច ប៉ុន្តែយើងមានបញ្ហាបន្តិចបន្តួចនៅតំបន់ប្រយុទ្ធដោយសារតែយើងប្រើប្រាស់ខ្សែប្រយុទ្ធបរទេសច្រើននៅលីគ ដូច្នេះកីឡាករខ្មែរយើងមិនសូវមានពេលគ្រប់គ្រាន់ក្នុងការលេង ។
សូមបញ្ជាក់ថា នៅថ្ងៃស្អែកនេះ ក្រុមភ្នំពេញក្រោន និងធ្វើការបើកកីឡដ្ឋាន Smart RSN របស់ខ្លួន ដើម្បីទទួលស្វាគមន៍ អាសុីអឺរ៉ុប យូណាយធីត ដែលជាការប្រកួតដំបូងនៃពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២០ ៕
ប្រភព៖ ភ្នំពេញក្រោន