រឿងរ៉ាវទាក់ទងនឹងការដាក់តាំងនិងដកចេញវិញនូវរូបសំណាកតារាចម្រៀង Michael Jackson នៅក្លឹប Fulham
(BC-99)
ប្រសិនបើគេនិយាយអំពីទឹកដី Craven Cottage របស់ក្រុម Fulham គេនឹងគិតដល់រូបសំណាកស្តេចចម្រៀង Pop Michael Jackson ដែលគេធ្លាប់បានដាក់តាំងនៅក្បែរផ្លូវចូលទៅកាន់ទីលានមួយនេះនាអំឡុងឆ្នាំ ២០១១-២០១៣។ តើក្លឹបមួយនេះមានទំនាក់ទំនងអ្វីខ្លះជាមួយអតីតតារាចម្រៀងអាមរិចដែលបានបាត់បង់ជីវិតកាលពីឆ្នាំ ២០០៩ រូបនេះ?
ដំណើររឿង
នាអំឡុងពេលដែលមហាសេដ្ឋីសញ្ជាតិដើមអេហ្ស៊ីបលោក Mohamed Al-Fayed បានគ្រប់គ្រងជាម្ចាស់ក្លឹបបាល់ទាត់ Fulham ពីឆ្នាំ ១៩៩៧-២០០១ លោកធ្លាប់បានអញ្ជើញមិត្តភក្តិដ៏ជិតស្និទ្ធរបស់លោកគឺស្តេចចម្រៀងប៉ុប Michael Jackson មកធ្វើជាភ្ញៀវពិសេសចូលរួមទស្សនាការប្រកួតរវាងក្រុម Fulham និង Wigan Atheletic នៅឆ្នាំ ១៩៩៩។
ពិភពលោកបានប្រែជាអប្រិយ៍នៅពេលដែលយមរាជបានតាមប្រល័យជីវិតស្តេចចម្រៀង Michael Jackson នៅឆ្នាំ ២០០៩ ក្នុងជន្មាយុ ៥០ឆ្នាំ។ ហេតុតែនៅនឹកអាល័យមិត្តចាស់លោក Al-Fayed ក៏បានសម្រេចចិត្តសាងសង់រូបសំណាកលោក Michael Jackson ដែលធ្វើអំពីជ័រលាយម្នាងសិលាកម្ពស់ ២.៣ម៉ែត្រ។ ថ្វីត្បិតតែលែងមានសិទ្ធជាម្ចាស់ក្លឹប Fulham ទៀតទៅហើយតែលោក Al-Fayed បានជូនអំណោយរូបសំណាកមួយនេះទៅក្រុមបាល់ទាត់ Fulham និងត្រូវបានគេដាក់តាំងជាផ្លូវការណ៍នៅមាត់ទ្វារចូលទីលាន Craven Cottage នាថ្ងៃទី ៣ មេសា ឆ្នាំ ២០១១។
គឺជារូបសំណាកបណ្តាសារ
ជាការពិតណាស់ចាប់តាំងពីមានរូបសំណាក Michael Jackson នៅមាត់ទ្វារចូលនេះមកក៏មានមតិជាច្រើនបានធ្វើការរិះគន់វាយប្រហារមកលើក្លឹប Fulham មិនលោះថ្ងៃ។ ប្រិយ៍មិត្តរបស់ក្លឹបមួយនេះដែលមិនចូលចិត្តនឹងការដាក់តាំងរូបសំណាក់ Michael Jackson បាននាំគ្នានិយាយថា វាមិនសាកសមទាល់តែសោះដែលក្លឹបបាល់ទាត់បែរជាសង់រូបសំណាកអ្នកចម្រៀងទៅវិញ ឬក៏គេនិយាយថារូបសំណាកនេះជា April fool ដែលវាគ្រាន់តែជារឿងមិនបានការនិងមិនមានអ្វីទាក់ទងជាមួយបាល់ទាត់ទាល់តែសោះ។
នៅពេលនោះលោក Al-Fayed ក៏ឆ្លៀតបានឆ្លើយតបទៅវិញផងដែរថាលោកមិនដែលខ្វល់នឹងសម្តីមិនបានការរបស់អ្នកគាំទ្រទាំងនោះទេ ព្រោះគេមិនយល់ពីអត្ថន័យនៃការបាត់បង់តារាចម្រៀងដែលជាអ្នកគាំទ្រក្រុម Fulham ម្នាក់ដែរ។ នៅឆ្នាំ ២០១៣ Fulham ក្រោមការកាន់កាប់ដោយម្ចាស់ថ្មីគឺលោក Sahid Khan រូបសំណាកមួយនេះក៏ត្រូវបានបញ្ជាអោយរុះចេញពីកន្លែងដើមនិងបានយកទៅតាំងនៅឯសារមន្ទីបាល់ទាត់ឋិតនៅក្នុងទីក្រុង Manchester វិញ។ ប្រិយ៍មិត្តនាំគ្នាសប្បាយចិត្តនិងការរុះរើរូបសំណាកនេះថែមទាំងប្រមូលគ្នាអបអរសាទរដោយមានការគាស់ស្រាសំប៉ាញទៀតផង។
វាហាក់ដូចជាបណ្តាសារយ៉ាងដូច្នោះមែន នៅឆ្នាំ ២០១៤ Fulham ក៏បានធ្លាក់ចេញពី Premier League ទៅកាន់ក្របខណ្ឌ League Championship រយៈពេលចំនួន ៤ រដូវកាល។
បច្ចុប្បន្នភាព
ដូចដែលបានជម្រាបជូនរូបសំណាក Michael Jackson ត្រូវបានដាក់តាំងនៅសារមន្ទីបាល់ទាត់នាទីក្រុង Manchester ។ មានការចង់បាននិងហ៊ានអោយតម្លៃខ្ពស់ចំពោះរូបសំណាកមួយនេះពីសហរដ្ឋអាមេរិចក៏ដូចជាក្លឹបបាល់ទាត់មួយចំនួននៅអង់គ្លេសជាដើម។ តែមិនមានការយល់ព្រមក្នុងការទិញលក់ឡើយ ពោលរូបសំណាកនេះគឺជាកម្មសិទ្ធរបស់សារមន្ទីបាល់ទាត់។
រីឯក្លឹប Fulham វិញក្រោយពីបានធ្លាក់ទៅក្របខណ្ឌ Championship រយៈពេល ៤ រដូវកាលរួចមកពួកគេក៏រើបម្រាស់និងបានឡើងមកកាន់ Premier League សាជាថ្មីនៅរដូវកាល ២០១៨-២០១៩ តែក្រុមនេះក៏បានធ្លាក់ទៅក្របខណ្ឌក្រោមម្តងទៀតនៅរដូវកាលបន្ទាប់ដែលទើបតែកន្លងផុតទៅនេះគឹរដូវកាល ២០១៩-២០២០។ ជាថ្មីម្តងទៀតពួកគេនឹងមានវត្តមានជាថ្មីនៅ Premier League នារដូវកាលក្រោយនេះបន្ទាប់ពីប្រកួតឈ្នះក្រុម Brentford នៅវគ្គ Play off ។