ក្រៅពី World Cup 2022 កាតារចង់ធ្វើម្ចាស់ផ្ទះអូឡាំពិក២០៣២ដែរ
កាតារអាចជាប្រទេសមជ្ឈឹមបូព៌ាដំបូងគេដែលធ្វើម្ចាស់ផ្ទះអូឡាំពិកនាពេលខាងមុខនេះ។
រឿងនេះកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ បានប្រកាសថា ពួកគេក៏ចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះអូឡាំពិកផងដែរដែលអាចនឹងកើតឡើងនៅឆ្នាំ ២០៣២ ។
គណៈកម្មាធិការអូឡាំពិកកាតារបាននិយាយថាពួកគេបានដាក់សំណើទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីចូលរួមក្នុងដំណាក់កាលនៃ“ ការសន្ទនាគ្នាជាបន្ត” អំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានាពេលអនាគត។
ប្រធានគណៈកម្មាធិការអូឡាំពិកកាតារ លោកស្រី Sheikh Joaan bin Hamad bin Khalifa បានមានប្រសាសន៍បែបនេះ “៖ នេះគឺជាបទពិសោធដ៏សំបូរបែបរួមជាមួយបំណងប្រាថ្នារបស់យើងក្នុងការប្រើប្រាស់កីឡាដើម្បីលើកកម្ពស់សន្តិភាព និងការផ្លាស់ប្តូរវប្បធម៌ដែលនឹងក្លាយជាមូលដ្ឋាននៃការពិភាក្សារបស់យើងជាមួយគណៈកម្មការ។”
នេះគឺជាការប៉ុនប៉ងលើកទីបីរបស់កាតារ បន្ទាប់ពីការដេញថ្លៃមិនជោគជ័យក្នុងឆ្នាំ ២០១៦ និង ២០២០។
មិនមានការកំណត់សម្រាប់ការសម្រេចចិត្នោះទេ តែជាធម្មតាបេក្ខជនត្រូវបានផ្តល់ឲ្យយ៉ាងហោចណាស់៧ឆ្នាំជាមុនដើម្បីរៀបចំខ្លួនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡានេះ។
ប្រទេសជាច្រើនទៀតបានបង្ហាញចំណាប់អារម្មណ៍ចំពោះអូឡាំពិករដូវក្តៅឆ្នាំ ២០៣២ រួមមានឥណ្ឌូណេស៊ី, អូស្ត្រាលី, ឥណ្ឌានិងអាល្លឺម៉ង់៕