
ហ៊ុន ចាន់រាជ៖ កម្មវិធី កុមារគុនខ្មែរ នឹងផ្តល់ឱកាសក្មេងៗបានរៀនភាសាបរទេស
ម្ចាស់ក្លិបប្រដាល់ Cambodian Top Team លោក ហ៊ុន ចាន់រាជ នឹងបង្ហើបកម្មវិធី កុមារគុនខ្មែរ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ នាពេលខាងមុខនេះ ដើម្បីបណ្តុះបណ្តាលអ្នកស្នងគុនខ្មែរអោយបានកាន់តែច្រើននាពេលអនាគត និងជាពិសេសក្មេងៗដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះអាចនឹងមានឱកាសទទួលសម្ភារៈសិក្សានិងការរៀនសូត្រភាសាបរទេសនៅសាលាដោយមិនអស់ថវិការដើម្បីអនាគតរបស់ពួកគេផងដែរ ។
លោក ហ៊ុន ចាន់រាជ បានប្រាប់ក្រុមការងារ MSR SPORT ថា ដោយសារក្មេងៗមានមិនសូវមានឱកាសប្រកួតតាមសង្វៀនផ្សេងៗ ទើបលោកសម្រេចបង្កើតកម្មវិធី កុមារគុនខ្មែរ ដែលផ្តល់ឱកាសអោយក្មេងៗចន្លោះទម្ងន់ ២០ ទៅ ៤០ គីឡូក្រាមបានឡើងប្រកួតលើសង្វៀន ដើម្បីទទួលបានបទពិសោធជាមូលដ្ឋានគ្រឹះទៅថ្ងៃខាងមុខ ។ លោក បន្ថែមថា កម្មវិធីនេះមិនត្រឹមតែជួយពួកគេទៅលើការប្រកួតគុនខ្មែរនោះទេ ថែមទាំងទទួលបានជាសម្ភារៈសិក្សា និងមានឱកាស រៀនជាភាសាបរទេសនៅសាលារៀនណាមួយដែលជាដៃគូរបស់កម្មវិធីលោកដោយមិនគិតថ្លៃទៀតផង ។ អ្នកដឹកនាំគុនខ្មែរ ចេញប្រកួតក្រៅប្រទេសច្រើន រូបនេះបន្ថែមថា ភាសាពិតជាសំខាន់សម្រាប់ពួកគេ ពីព្រោះនៅពេលពួកគេល្បី មានសមត្ថភាពគ្រប់គ្រាន់អាចចេញប្រកួតក្រៅប្រទេសបាន ក៏ត្រូវមានភាសាបរទេសជាយានរបស់ពួកគេផងដែរ ។
សូមបញ្ជាក់ថា កម្មវិធី កុមារគុនខ្មែរ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ នាក្លិបប្រដាល់ Cambodian Top Team រៀងរាល់ថ្ងៃ សៅរ៍ ពីរសប្តាហ៍ម្តង ចាប់ពីវេលាម៉ោង ១១ ថ្ងៃ ដែលមានប្រហែល ៧ ទៅ ៨ គូដែលមានកុមារគុនខ្មែរ មកពីគ្រប់បណ្តាក្លិបទាំងអស់នៅទូទាំងប្រទេស ៕