Liverpool ចាញ់ Arsenal អស់ឱកាសបំបែកកំណត់ត្រា១០០ពិន្ទុរបស់ Man City
Liverpool លែងមានឱកាសបំបែកឯតទគ្គកម្ម១០០ពិន្ទុរបស់ Manchester City ហើយក្រោយចាញ់ Arsenal ២ទល់នឹង១ ជំនួប Premier League សប្ដាហ៍ទី៣៦ នៅថ្ងៃពុធ ទី១៥ ខែកក្កដា។ ដូច្នេះ គិតត្រឹមពេលនេះ ក្រុមហង្សក្រហមមាន៩៣ពិន្ទុដដែល។
គេចាំបានថា នៅរដូវកាល២០១៧/២០១៨ Man City រកបានដល់ទៅ១០០ពិន្ទុដែលជាកំណត់ត្រាដំបូងបង្អស់នៅក្របខណ្ឌកំពូលអង់គ្លេស។ យ៉ាងណា Liverpool នៅសល់ឱកាសធ្វើបានល្អជាង Man City នៅរដូវកាលមុន បើឈ្នះទាំងពីរប្រកួតនៅសល់។ នៅរដូវកាល២០១៨/២០១៩ ក្រុមមេឃខៀវរកបានសរុប៩៨ពិន្ទុ មានន័យថា ប្រសិនបើក្រុមលោក Klopp ឈ្នះទាំងពីរប្រកួតនៅសល់ នឹងរកបាន៩៩ពិន្ទុ។
ដោយឡែក ក្នុងជំនួប Premier League យប់មិញ Sadio Mane បានបើកការនាំមុខឲ្យក្រុមភ្ញៀវមុននៅនាទី២០ ក្រោយទទួលបាល់ពី Andy Robertson។
១២នាទីក្រោយមក Virgil Van Dijk ភ្លាត់ស្នៀតពីការតាមបិទពី Reiss Nelson ដោយបញ្ជូនបាល់ថយក្រោយទៅអ្នកចាំទី Alisson Becker តែត្រូវ Alexander Lacazzete ឆក់យកបាល់ ញាក់ផុតដៃទាត់បញ្ចូលទីតាមស្មើវិញ។
ដល់នាទី៤៤ ហេតុការណ៍ស្រដៀងគ្នាកើតឡើងសាជាថ្មី ដោយ Becker ទាត់បាល់ដល់មិត្តរួមក្រុម តែត្រូវ Lacazzete ឆក់បានម្ដងទៀត និងបញ្ជូនឲ្យ Reiss Nelson ទាត់បញ្ចូលទីវិញម្ដង។
ជ័យជម្នះនេះក៏ធ្វើឲ្យ Arsenal នៅសល់ក្ដីសង្ឃឹមប្រជែងកៅអី Europa League ដោយនៅពីក្រោមទីតាំងលេខ៦ដែលកំពុងកាន់កាប់ដោយ Burnely ៣ពិន្ទុ៕