Sarri យល់ស្របសម្តី Guardiola – ប្រឈមមុខនឹង Atalanta មានអារម្មណ៍ដូចបានទៅពេទ្យធ្មេញ
(BC-99)
គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Maurizio Sarri បានយល់ស្របនឹងការវាយតម្លៃរបស់លោក Pep Guardiola ដែលធ្លាប់បានលើកឡើងថាការប្រឈមមុខនឹងក្រុម Atalanta គឺមានអារម្មណ៍តឹងតែងដូចជាទៅជួបពេទ្យធ្មេញអញ្ចឹង។
ក្រុមរបស់លោក Sarri ប្រឈមនឹងការសាកល្បងដ៏ធំមួយនារាត្រីថ្ងៃសៅរ៍នេះនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Atalanta ដែលកំពុងស្ថិតនៅលេខ ៣ ក្នុងតារាងក្របខ័ណ្ឌ Serie A និងមានគម្លាត ៩ ពិន្ទុនៅពីក្រោយក្រុម Juventus របស់លោកខណៈដែលការប្រកួតនៅសល់ ៧ ដងទៀត។
អ្នកចាត់ការទូទៅរបស់ក្រុម Manchester City លោក Guardiola បានប្រៀបធៀបការលេងរបស់ Atalanta ទៅនឹងក្រុមទន្តពេទ្យដោយសារតែធ្លាប់ប៉ះគ្នាក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ដែលបានបន្សល់ទុកលទ្ធផលទាំងស្មើនិងឈ្នះ។
រីឯលោក Sarri ដែលធ្លាប់បានប្រឡូកខ្លួននៅ Premier League មួយរយៈដែរនោះក៏បានយល់ស្របនឹងការពិពណ៌នារបស់លោក Guardiola ខណៈដែលគាត់រំពឹងថានឹងមានការប៉ះទង្គិចគ្នាដ៏លំបាកជាមួយនិងក្រុមដែលដឹកនាំដោយលោក Gian Piero Gasperini ។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា “វាជាពេលវេលាដ៏សំខាន់នៃរដូវកាលនេះ។ Atalanta ពិតជាក្រុមដ៏គួរអោយភ្ញាក់ផ្អើលមួយ តែមិនគួរអោយខ្លាចនោះទេ។ ពួកគេធ្វើបានយ៉ាងល្អពេញមួយរដូវកាលជាពិសេសការប្រកួតនៅក្រៅផ្ទះ។ Atalanta គឺជាគូប្រជែងដ៏លំបាកសម្រាប់គ្រប់ក្រុមទាំងអស់រយៈពេលជាយូរមកហើយ។ លោក Guardiola បានផ្តល់នូវការពិពណ៌នាដ៏ល្អបំផុតអំពីពួកគេ។ វាដូចជាទៅពេទ្យធ្មេញ។ អ្នកអាចបញ្ចប់បានយ៉ាងល្អប៉ុន្តែអ្នកមានអារម្មណ៍ថាឈឺចាប់”។
គួរបញ្ជាក់ដែរថាក្រុម Juventus របស់លោក Sarri នឹងឡើងប្រកួតទល់នឹងក្រុម Man City របស់លោក Guardiola នៅវគ្គ ១/៤ ចុងក្រោយនៃក្របខ័ណ្ឌ Champions League ប្រសិនបើក្រុមរៀងៗខ្លួនអាចឈ្នះមួយប្រកួតចុងក្រោយនាវគ្គ ១៦ ក្រុមរបស់ពួកគេ។ ប៉ុន្តែបុរសជនជាតិ អ៊ីតាលី រូបនេះបាននិយាយថាលោកមានការផ្តោតអារម្មណ៍លើ Serie A ច្រើនជាងមុនពេលទៅប៉ះប្រកួតជាមួយ Lyon ដែលបានឈ្នះជើងទី ១ ក្នុងលទ្ធផលស្មើ ១-០ នៅ បារាំង។