គ្រូ Ajax យល់ស្របថាក្រុមនឹងអាចបាត់បង់ Van de Beek និង Tagliafico
(BC-99)
គ្រូបង្វឹករបស់ Ajax លោក Erik ten Hag បានដកខ្លួនចុះចាញ់កីឡា Nicolas Tagliafico ដែលមិនអាចថែរក្សារកីឡាករសញ្ជាតិអាហ្សង់ទីននេះបានក្នុងទីផ្សារដោះដូរនាពេលខាងមុខក្នុងខណៈពេលដែលខ្សែបម្រើ Donny van de Beek ក៏អាចចាកចេញពីទីក្រុង Amsterdam ផងដែរ។
កាលឆ្នាំមុនក្រុម Ajax បានឈានប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក៏ប៉ុន្តែមិនអាចបន្តដំណើរប្រកួតដល់ផ្តាច់ព្រ័ត្របានឡើយហើយក៏ជាហេតុដែលធ្វើអោយ Frenkie de Jong ត្រូវបានក្លឹបលក់ទៅឱ្យ Barcelona និង Matthijs de Ligt លក់ទៅឱ្យក្រុម Juventus ។
នាពេលនេះវិញកីឡាករសំខាន់ៗមួយចំនួនក៏នឹងអាចចាកចេញផងដែរដោយ Hakim Ziyech បានបញ្ជាក់រួចហើយថានឹងផ្ទេរទៅកាន់ក្លឹប Chelsea ក្រោយពីចប់រដូវកាលនេះ។
រឿងដាច់ដោយមួយទៀតខ្សែការពារស្លាបឆ្វេង Tagliafico អាយុ ២៧ ឆ្នាំក៏ទំនងជានឹងចាកចេញផងដែរដោយកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានចាប់អារម្មណ៍ដោយក្លឹបនៅ Premier League Chelsea និង Arsenal ។
រីឯ Van de Beek ក៏មានលេចឮព័ត៌មានបែកធ្លាយដែលផ្សារភ្ជាប់រូបគេជាមួយ Real Madrid និង Manchester United ខណៈដែលអ្នកចាំទី Andre Onanaនិងកីឡាករវ័យក្មេង២រូបផ្សេងទៀតកំពុងបារម្ភថានឹងចាកចេញដែរប្រសិនបើក្លឹបផ្សេងទៀតតថ្លៃត្រូវ។
លោក Ten Hag បានប្រាប់ Het Parool ថា៖ “ទីផ្សារដោះដូរកីឡាករនឹងចាប់ផ្តើមនៅខែសីហា ស្របពេលដែលលីកកំពូលៗកំពុងមមាញឹកក្នុងការប្រកួតបង្ហើយរដូវកាល ដូច្នេះលំហូរសាច់ប្រាក់ចាំបាច់ត្រូវតែថែរក្សាអោយនឹង។ តែយើងមិនអាចថែរក្សាកីឡាករណាដែលផុតកិច្ចសន្យាត្រឹមរដូវកាលក្រោយឬនៅសល់កិច្ចសន្យាត្រឹមមួយរដូវកាលទៀតជាមួយក្លឹបបានទេ។ តែខ្ញុំក៏អាចបដិសេធមិនផ្លាស់ប្តូរកិឡាករដែលចាំបាច់ដែរ” ។
គួរបញ្ជាក់ថាចាប់តាំងពីសហព័ន្ធបាល់ទាត់បានប្រកាសរំសាយក្របខណ័្ឌ Eridivisie នៅរដូវកាលនេះដោយប្រគល់ជើងឯកអោយក្រុម Ajax មកក្លឹបនានានៅក្នុងប្រទេស ហុល្លង់ ពុំមានសកម្មភាពប្រកួតជាដុំកំភួនទេ តែផ្ទុយទៅវិញពួកគេនៅតែចាត់ចែងលុយកាក់ចិញ្ចឹមកីឡាករនិងបុគ្គលិកជាធម្មតា។ ក្លឹបធំៗមួយចំនួននៅក្របខណ្ឌនេះចាប់ផ្តើមងាកមករកវិធីលក់កីឡាករដើម្បីទូទាត់បំណុល។