
ថ្ងៃនេះកាលពី ៥ ឆ្នាំមុន កែវ សុខង៉ន បានត្រលប់មកចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោនវិញ
ថ្ងៃនេះកាលពី ៥ ឆ្នាំមុន អតីតខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា កែវ សុខង៉ន បានចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបច្ចុប្បន្នបានក្លាយជាអ្នកចាត់ការទូទៅក្នុងក្រុមធំនាក្លិបមួយនេះ ស្របពេលដែលការប្រកួតលីគនារដូវកាល២០២០ជិតត្រលប់មកវិញ ក្រោយសម្រាកអស់រយៈពេលជាងពីរខែដោយសារកូវីដ-១៩។
នៅរដូវកាល២០២០ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនេះ ភ្នំពេញក្រោន ធ្លាប់បានបង្ហាញខ្លួន ៥ ប្រកួត ក្នុងនោះទទួលបានជ័យជម្នះ ៤ ដង និងស្មើម្តង កំពុងតែឈរកំពូលតារាងបណ្តោះអាសន្ន ហើយនេះក៏ជាសម្មិត្តផលរបស់អ្នកខេត្តក្រចេះម្នាក់នេះផងដែរ។
ការត្រលប់មកចូលរួមជាមួយក្រុមចាស់វិញនាឆ្នាំ២០១៥-២០១៧ បុរសវ័យ ៣២ឆ្នាំរូបនេះ បានបង្ហាញខ្លួន ៣៣ លើក ហើយរកបាន ៩ គ្រាប់ ខណៈដែលភ្នំពេញក្រោន គឺជាក្លិបដំបូងរបស់គេ ដែលចាប់អាជីពជាកីឡាករបាល់ទាត់ ពោលគឺចន្លោះឆ្នាំ២០០៧-២០១០ មុនចាកចេញទៅក្រៅប្រទេសនាក្លិប Samut Sakhon របស់ប្រទេសថៃ។
កែវ សុខង៉ន ធ្លាប់ឈ្នះពានលីគកំពូលកម្ពុជា ជាមួយក្លិបភ្នំពេញក្រោន ចំនួន ៣ លើក នាឆ្នាំ២០០៨, ២០១០ និងឆ្នាំ២០១៥ ហើយក៏ធ្លាបបានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ចំនួន ២ លើក នាឆ្នាំ២០០៨ និង ២០០៩ ខណៈនៅពេលមកចូលរួមជាមួយ បឹងកេត បានឈ្នះពានលីគកំពូលម្តងនាឆ្នាំ២០១២ ។
សូមរំលឹកផងថា កែវ សុខង៉ន ធ្លាប់លេងឲ្យ ក្លិបបឹងកេត និងនៅប្រទេស ថៃផងដែរ មុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករនៅដំណាច់រដូវកាលឆ្នាំ២០១៧ ហើយត្រូវបានក្លិបភ្នំពេញក្រោន មានមូលដ្ឋាននៅរាជធានីភ្នំពេញ តែងតាំងជាអ្នកចាត់ការក្រុមនៅឆ្នាំ២០១៩៕