
ឈ្នះ៤ប្រកួត វាន់ វឿន គ្រងខ្សែក្រវាត់អមដោយលុយ២០លាន ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់
ទីបំផុតគុនខ្មែរ វ៉ាន់ វឿន បានក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២បន្ទាប់ពីប្រកួតឈ្នះកីឡាករ បឺត សង្ឃឹម ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃ សៅរ៍ ទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ នាសង្វៀន CNC ឬស្សីកែវ ។ ការប្រកួតយ៉ាងជក់ចិត្តរវាង វាន់ វឿន និង បឺត សង្ឃឹម បានបញ្ចប់ពេញ៥ទឹក អ្វីដែលគួរអោយចាប់អារម្មណ៍ក្នុងទឹកទី២ វាន់ វឿន បានវាយកែងអោយ បឺត សង្ឃឹម ត្រូវអាជ្ញាកណ្តាលរាប់ដល់ទៅ២ដងក្នុងការប្រកួតនោះ ខណៈពេលវេលាដែលនៅសល់ សង្ឃឹម ព្យាយាមវាយបកវិញដែរ ប៉ុន្តែអ្វីៗមិនសមប្រកបនោះឡើយ ហើយចប់ការប្រកួតចៅក្រម បានផ្តល់ពិន្ទុអោយកូនសិស្សរបស់លោក សុខ វិជ័យ ឈ្នះដោយឯកច្ឆ័ន្ត ។
វាន់ វឿន ម្ចាស់ខ្សែក្រវាត់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ ទទួលប្រាក់រង្វាន់ ២០ លានរៀល ខណៈជើងឯករង បឺត សង្ឃឹម ទទួលបានប្រាក់រង្វាន់ ៨ លានរៀល ។ សូមបញ្ជាក់ថា មុនក្លាយជាម្ចាស់ខ្សែក្រវាត់អ្នកប្រដាល់ដើមកំណើតខេត្តបាត់ដំបង បានឆ្លងកាត់ការប្រកួតចំនួន៤ដង ដោយលើកទីមួយនៅខេត្តបាត់ដំបង រូបគេបានផ្តួល ហេង សុភ័ក្រ ក្នុងទឹកទី២ ហើយបន្តជួប ស៊ន រ៉ាគីម និងបានផ្តួលក្នុងទឹកទី១ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានយកឈ្នះទាំងប្រផុតប្រផើយលើ អេ ណារ័ត្ន និងចុងក្រោយបានយកឈ្នះ បឺត សង្ឃឹម ក្លាយជាជើងឯកតែម្តង ៕