ឈឿន ល្វៃ បង្ហើបតម្លៃធ្វើផ្ទះដែលបានមកពីគុនខ្មែរ
អ្នកប្រដាល់គុនខ្មែរ ឈឿន ល្វៃ រឺបងប្អូនពីមុនស្គាល់ឈ្មោះថា ឡុង វ៉ៃ បានបង្ហើបពីតម្លៃដែលត្រូវចំណាយលើការសាងសង់ផ្ទះដែលរូបគេបានមកពីការសន្សំក្នុងការប្រកួតគុនខ្មែរទាំងស្រុង ។
អ្នកប្រដាល់នៃក្លិបនាគរាជចតុមុខបានប្រាប់ក្រុមការងារ MSR SPORT ថា ការសង់ផ្ទះនេះត្រូវចំណាយប្រហែល២៥០០ដុល្លារ ដើម្បីសង់អោយរួចរាល់ ហើយរូបគេទើបសន្សំបានជាង១ពាន់ដុល្លារប៉ុណ្ណោះពីការប្រកួតគុនខ្មែរជិត១ឆ្នាំកន្លងមក ដូចនេះរូបគេនឹងប្រឹងប្រែង បន្តទៀតក្នុងការឡើងសង្វៀនដើម្បីរកលុយមកសង់អោយរួចរាល់ ។ បន្ថែមពីនេះកីឡាករដើមកំណើតខេត្តកំពង់ធំ ថា អរគុណគុនខ្មែរ និងអរគុណស្ថានីយ៍ ទូរទស្សន៍ដែលផ្តល់ឱកាសអោយរូបគេបានឡើងសង្វៀនដើម្បីរកចំណូលបានគួរសមនិងធ្វើអោយជីវភាពក្នុងគ្រួសាររបស់គេបានធូរធាច្រើនជាងមុន ។
អតីតកីឡាករនៅក្លិប សាលវ័ន្តកីឡា បញ្ជាក់ថា សម្រាប់ផ្ទះនេះមានទទឹង ៥ និងបណ្តាយ ៨ ម៉ែត្រ មានទីតាំងនៅខេត្តកំពង់ធំ ធ្វើឡើងពីស័ង្កសី ។ ឈឿន ល្វៃ ជាកីឡាករប្រដាល់គុនខ្មែរ ដែលមានសមត្ថភាពរីកចម្រើនលឿន ដោយបច្ចុប្បន្ន រូបគេអាចប្រកួតក្នុងលំដាប់គូឯក រឺគូអន្តរជាតិបាន ក្នុងទម្ងន់ ៦៧ ទៅ ៦៩ គីឡូក្រាម ជាកូនសិស្សរបស់លោក ស្វាយ សុខុន ៕