
Cristiano Ronaldo ត្រៀមត្រឡប់មកហ្វឹកហាត់វិញជាមួយសមាជិក Juventus នៅថ្ងៃស្អែកនេះ
កាលពីដើមខែឧសភា Juventus បានធ្វើការកោះហៅកីឡាកររបស់ខ្លួនទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការជួបជុំហ្វឹកហាត់ ក្រោយពេលដែលក្របខ័ណ្ឌ Serie A មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយ បន្ទាប់ពីអត្រាអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលីមានភាពថមថយចុះ។
សមាជិកមួយចំនួនបានធ្វើការហ្វឹកហាត់វិញជាបណ្តើរៗហើយតាមការកោះហៅ ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវបង្ហាញខ្លួននៅទីលានហ្វឹកហាត់របស់ក្រុមរហស្សនាមសេះបង្កង់នៅថ្ងៃស្អែកនេះ ក្រោយពីត្រឡប់មកដល់ទីក្រុង Turin វិញហើយបានដាក់ខ្លួនដាច់ដោយឡែកបានរយៈពេល១៤ថ្ងៃរួចរាល់។
គួរឱ្យដឹងថា កាលពីចុងខែមេសា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានប្រកាសអនុញ្ញាតឱ្យកីឡាករទាំងអស់នៅក្របខ័ណ្ឌនឹងចាប់ផ្តើមហ្វឹកហាត់ជាលក្ខណៈឯកជន មុនពេលធ្វើការហ្វឹកហាត់ជាក្រុម ខណៈក្របខ័ណ្ឌ Serie A នឹងមានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែឧសភាដើម្បីបញ្ចប់រដូវកាល២០១៩/២០របស់ខ្លួន។
យ៉ាងណាក្តី រដ្ឋាភិបាលប្រទេសអ៊ីតាលីក៏កំពុងតែនឹងពិចារណាដូចគ្នាក្នុងការបញ្ចប់រដូវកាល Serie A រដូវកាលនេះផងដែរ បើសិនជាក្លឹបទាំងអស់និងក្រសួងសុខាភិបាលមិនឯកភាពគ្នាលើលក្ខខណ្ឌមួយចំនួនក្នុងការធានាអំពីសុវត្ថិភាពរបស់ក្រុមកីឡាករទាំងអស់។