
Steve Bruce មិនរំពឹងថា Premier League នឹងវិលត្រឡប់មកវិញមុនដំណាច់ខែមិថុនា
(BC-99)
បើទោះជាក្រុម សារិការព្រៃ គ្រោងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃអង្គារនេះក៏ដោយក៏អ្នកចាត់ការទូទៅរបស់ក្រុម Newcastle United លោក Steve Bruce មិនរំពឹងទេថា Premier League នឹងបន្តការប្រកួតរបស់ខ្លួននៅមុនដំណាច់ខែមិថុនានេះ។
ជំងឺរាតត្បាតដែលរីករាលដាលបានបញ្ឈប់សកម្មភាពកីឡាស្ទើរគ្រប់ប្រភេទទូទាំងពិភពលោកចាប់តាំងពីខែមីនាកន្លងទៅ ហើយវាក៏ជាហេតុដែលបណ្តាលឱ្យមានការលុបចោលនូវព្រឹត្តិការណ៍បាល់ទាត់នៅតាមបណ្តាលីគប្រទេសនានាជាច្រើនដែរ។
ប៉ុន្តែដើម្បីជៀសវាងនូវការសងថ្លៃខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយនិងម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗនៅក្នុងការប្រកួតបាល់ទាត់ អាជ្ញាធររបស់ប្រទេសអង់គ្លេសបានព្យាយាមអោយមានការចាប់ផ្តើមឡើងវិញនូវការប្រកួតបង្គ្រប់រដូវកាល ២០១៩-២០ ដែលនៅសល់មិនដល់ ១០ ប្រកួតដោយហាមមិនអោយមានអ្នកគាំទ្រចូលទស្សនាទេ។
ចុងសប្តាហ៍នៃថ្ងៃទី ១២ និង ១៩ ខែមិថុនាត្រូវបានគេរាយការណ៍ថាជាគោលដៅដ៏មានសក្តានុពលសម្រាប់ការបន្តឡើងវិញនូវការប្រកួតក្របខណ្ឌ Premier League ប៉ុន្តែលោក Steve Bruce បាននិយាយថា “វាមិនទាន់ជាក់ច្បាស់នៅឡើយទេ តែខ្ញុំចាំបាច់ត្រូវតែដឹកនាំក្រុម Newcastle វិលត្រឡប់មកហ្វឹកហាត់វិញបើទោះជាវាមិនច្បាស់នឹងអាចមានការប្រែប្រួលទៀតក៏ដោយ”។
លោកក៏បានសម្តែងនូវការព្រួយបារម្ភទាក់ទងទៅនឹងកត្តាសុខភាពរបស់កីឡាករក្រុមខ្លួនផងដែរដោយលោកបានលើកជាបន្តទៀតថា “ ប្រាកដណាស់ពួកយើងបានគោរពនិងធ្វើតាមវិធានការណ៍ដោយបានអនុវត្តក្នុងគ្រាហ៍ដែលមានហានិភ័យនេះ” ។
សូមបញ្ជាក់ផងដែរថា Newcastle United ដែលនឹងមានម្ចាស់ភាគហ៊ុនថ្មីជាមហាសេដ្ឋីលុយពាន់លានមួយនេះនឹងត្រូវធ្វើតេស្តពិនិត្យសុខភាពរាល់សមាជិករបស់ខ្លួននៅសប្តាហ៍នេះផងដែរ។