Xavi Hernandez ថា Lionel Messi មានសមត្ថភាពអាចលេងបាល់ទាត់រហូតដល់អាយុជិត ៤០ ឆ្នាំ
(BC-99)
អតីតកីឡាករក្រុម Barcelona Xavi Hernandez បាននិយាយថា Lionel Messi មានសមត្ថភាពអាចលេងបាល់ទាត់រហូតដល់អាយុ ៣៩ ឆ្នាំ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលអាយុ ៣២ ឆ្នាំនាពេលបច្ចុប្បន្នបានស្ថិតក្នុងទម្រង់ជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម Barca នៅរដូវកាលនេះដោយរកបាន ២៤ គ្រាប់នៅក្នុងគ្រប់ការប្រកួតទាំងអស់មុនពេលដែលជំងឺ Covid 19 បានរីករាលដាលនិងបានបញ្ឈប់រាល់កម្មវិធីប្រកួតបាល់ទាត់របស់ La Liga។
Messi មិនដែលហើបមាត់និយាយអំពីសារៈសំខាន់របស់ខ្លួនដែលជួយស្វែងរកភាពជោគជ័យអោយ Blaugrana (ឈ្មោះហៅក្រៅមួយទៀតរបស់ Barcelona) ទេ ក៏ប៉ុន្តែអតីតមិត្តរួមក្រុម Xavi មានអារម្មណ៍ថាកំពូលកីឡាករ អាហ្សង់ទីន រូបនេះនៅតែមានឋាមពលនិងភាពវៃឆ្លាតនៅក្នុងការជួយជ្រោមជ្រែងទាំងក្លិបនិងក្រុមជម្រើសជាតិ។
យោលទៅលើការឆើ្លយឆ្លងតាមរយៈបណ្តាញសង្គម Instagram ជាមួយអតីតមិត្តរួមក្រុម Barca Samuel Eto’o Xavi បាននិយាយថា Messi មានសមត្ថភាពអាចប្រកបអាជីពបាល់ទាត់បាន ៥ ឬ ៧ ឆ្នាំទៀត។ “គេថែរក្សាខ្លួនគាត់បានល្អ ហើយគេអាចលេងរហូតដល់អាយុ ៣៧, ៣៨ ឬ ៣៩ ឆ្នាំ។ ខ្ញុំប្រាកដណាស់ថាគេនឹងលេង World Cup នៅកាតា”។
ថ្លែងអំពីឱកាសក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមអ្នកមានបុណ្យ FC Barcelona វិញ Xavi បានថ្លែងថា “ខ្ញុំធ្លាប់សន្ទនាជាមួយលោក Eric Abidal នាយកផ្នែកកីឡារបស់ក្រុម Barcelona និងលោក Oscar Grau នាយកប្រតិបត្តិក្រុម Barcelona អំពីការផ្តល់ជូនឱកាសដ៏ធំមួយដល់ខ្ញុំ ប៉ុន្តខ្ញុំបានបដិសេធថាវាមិនមែនជាពេលវេលាដ៏ត្រឹមត្រូវទេ។ ខ្ញុំត្រូវការបទពិសោធន៍បន្ថែមទៀតថ្វីត្បិតតែការបង្វឹក Barcelona គឺជាក្តីសុបិន្តរបស់ខ្ញុំក៏ដោយ។ តែខ្ញុំចង់ធ្វើវានៅថ្ងៃណាមួយ។ ខ្ញុំបាននិយាយច្រើនដងរួចមកហើយ”។
ដូចនេះប្រសិនបើ Messi អាចនៅបន្តជាមួយ Barcelona បានយូរនោះ Xavi ក៏នឹងអាចក្លាយជាគ្រូបង្វឹករបស់ខ្សែប្រយុទ្ធដ៏ល្បីរូបនេះដែរ។ ដោយឡែកអ្នកចាត់ការក្រុមបាល់ទាត់ Al Sadd នៅប្រទេស កាតា រូបនេះក៏សង្ឃឹមថានឹងអាចទិញយក Neymar ពី Paris Saint-Germain មកវិញដែរនៅពេលណាដែលលោកចូលមកកាន់កាប់ FC Barcelona។