ឡៅ ចន្រ្ទា ប្រាប់អំពីមូលហេតុដែលមិនអាចសម្រកគីឡូពីធ្ងន់មកស្រាលដូចមុនបាន

ឡៅ ចន្រ្ទា ប្រកួតឈ្នះ កង មឿងឆាង
អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ដែលពុកម៉ែបងប្អូននិយមហៅ នាយសង្ហា រឺ អ្នកប្រដាល់ពស់ថ្លាន់ បាននិយាយប្រាប់ក្រុមការងារ MSR SPORT អំពីមូលហេតុដែលរូបគេមិនអាចសម្រក់គីឡូពីធ្ងន់មកស្រាលដូចលើកមុនបាន ក៏ដោយសារតែមានការពិបាកខ្លាំង ពិសេសគឺបញ្ហាក្រពះពោះវៀនតែម្តង ដូចនេះហើយទើបទំងន់របស់នាយសង្ហាគុនខ្មែរចេះតែឡើងមិនងាយស្រកសោះ។ កូនសិស្សរបស់ក្លឹប ឆ័ត្រយោង៩១១ ក៏បានឲ្យដឹងបន្ថែមទៀតថា កន្លងមករូបគេធ្លាប់ព្យាយាមសម្រក់គីឡូពី៦៩ មក ៦៧ដើម្បីប្រកួតដណ្តើមខ្សែក្រវ៉ាត់ម្តងហើយ ជាលទ្ធផលគឺបណ្តាអោយជំងឺគ្រុនពោះវៀនបានរើឡើងសារជាថ្មី ហើយក៏បានប៉ៈពាល់ដល់សុខភាព និង ការប្រកួតនៅលើសង្វៀន ហេតុនេះហើយទើបគីឡូរបស់នាយសង្ហាចេះតែឡើងមិនងាយស្រក់។

ឡៅ ចន្រ្ទា
គួររំលឹកថា មួយរយៈក្រោយនេះ អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ដែលពុកម៉ែបងប្អូននិយមគាំទ្រ និង ស្រលាញ់ការប្រកួតរបស់រូបគេ បានសំណូមពរអោយអ្នកប្រដាល់រូបនេះព្យាយាមសម្រកគីឡូពី៦៩ មក ៦៥ រឺក៏៦៧ និងចង់ឲ្យប្រកួតអោយមានការជក់ចិត្តដូចជំនាន់ដែលរូបគេកំពុងឡើងសមត្ថភាព តាមរយៈការវ៉ៃមាត់ ទាត់ និង កែងជាដើម។ បញ្ហានេះ ឡៅ ចន្រ្ទា ក៏ធ្លាប់បាននិយាយប្រាប់ MSR SPORT ឲ្យដឹងដែរថា៖ ការចូលអោប ហើយប្រកែង ក៏ជាយុទ្ធសាស្រ្តមួយទៀត នៅពេលដែលគូប្រកួតចាប់ផ្តើមអស់កំលាំង ការចេញអាវុធរបស់គេក៏យឺតទៅតាមនេះដែរ៕