Neil Warnock អោយកីឡាករ Arsenal ៤ នាក់ចេះទទួលខុសត្រូវបន្ទាប់ពីបានរំលោភលើបម្រាមរឹតត្បិតក្នុងអំឡុងប្រឆាំងមេរោគឆ្លង
(BC-99)
កីឡាកររបស់ក្រុម Arsenal ៤ នាក់ដែលបានរំលោភលើច្បាប់ស្តីពីការរឹតត្បិតដើម្បីការពារពីការចម្លងមេរោគ Covid 19 របស់រដ្ឋាភិបាល ហើយពួកគេត្រូវតែបង្ហាញពីភាពចេះទទួលខុសត្រូវនៅក្នុង “ គ្រាលំបាក” នេះ។
អតីតអ្នកចាត់ការទូទៅចាស់វស្សារបស់ក្រុម Cardiff City លោក Neil Warnock បានធ្វើការព្រមានទៅកាន់កីឡាករ Arsenal ចំនួន ៤ នាក់ដែលមាន David Luiz, Granit Xhaka, Nicolas Pepe និង Alexandre Lacazette អោយមានឆន្ទៈជាកីឡាករដែលចេះទទួលខុសត្រូវនូវទង្វើរបស់ផងខ្លួននៅពេលដែលពួកគេទាំងនេះត្រូវបានគេរដឹងថាបានបំពានលើច្បាប់រឹតត្បិតខ្លួនឯង។
រូបភាពរបស់ Pepe ត្រូវបានលេចធ្លាយនៅលើបណ្តាញសង្គមដែលបង្ហាញពីការលេងបាល់ទាត់ជាក្រុមខណៈដែល Lacazette បានយករថយន្តរបស់ខ្លួនទៅលាងដោយបានឈរក្បែរបុគ្គលិកលាងសម្អាត ។
លោក Warnock ដែលបានចូលរួមក្នុងកម្មវិធីជជែកកំសាន្តព័ត៌មានពេលព្រឹកនាប្រទេស អង់គ្លេស បានធ្វើការរិះគន់ទៅលើតារាឆ្នើមៗរបស់ក្រុមកាំភ្លើងធំទាំងនោះថា “តើពួកគេមានការទទួលខុសត្រូវដែរឬទេ? កាលពីប៉ុន្មានសប្តាហ៍មុនកីឡាករ Tottenham បានធ្វើការជួបជុំនៅក្នុងឧទ្យានរួចហើយ ដូច្នេះអ្នកផ្សេងទៀតប្រហែលជាបានដឹង ហើយមិនគួរធ្វើវាអោយមានបញ្ហានុះទេ។ យើងកំពុងនិយាយពីជីវិតដែលត្រូវគេចពីសេចក្តីស្លាប់ វា(មេរោគ)មាននៅគ្រប់ទីកន្លែងហើយអ្នកត្រូវតែយកចិត្តទុកដាក់”។ បុរសវ័យ ៧១ ឆ្នាំរូបនេះបានបន្តនូវការក្រើនរំឮកទៀតដែរថា ពួកគេអាចនឹងក្លាយជាភ្នាក់ងារចម្លងរោគទៅក្នុងសហគមន៍ដោយមិនដឹងខ្លួនប្រសិនបើនិមិត្តរូបបាល់ទាត់ឆ្នើមរបស់អ្នកផងទាំងឡាយធ្វេសប្រហែសខ្លួនមិនបានប្រុងប្រយ័ត្ន។
គួរបញ្ជាក់ដែរថាលោក Jose Mourihho និងកីឡាកររបស់គាត់មួយចំនួនក៏ធ្លាប់ទទួលបានរងការរិះគន់ពីលោក Neil Warnock ក៏ដូចជាប្រជារាស្ត្រ អង់គ្លេស ឯទៀតនៅពេលដែលលោកបានបណ្តោយអោយពួកគេចេញទៅហ្វឹកហាត់ជាលក្ខណៈប្រមូលផ្តុំនៅទីសាធារណៈ។ ដោយឡែកអតីតកីឡាករ Jamie O’hara ក៏បានចេញមុខស្តីបន្ទោសដល់កីឡាករកាំភ្លើងធំទាំង ៤ រូបខាងលើក្នុងខណៈពេលដែលមានចំនួនអ្នកស្លាប់កើនឡើងក្បែរពីរម៉ឺននាក់ហើយដែលបានសម្លាប់ដោយ វីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស។