ដឹងទេ! តាំងបង្តើតពានសម្តេច ហ៊ុន សែន មកកីឡាករណាដែលឈ្នះស្បែកជើងមាសច្រើនជាងគេ
តោះមកដឹងអំពីកីឡាកររូបណាឈ្នះស្បែកជើងមាសច្រើនជាងគេក្នុងពានសម្តេច ហ៊ុន សែន តាំងពីបង្កើតមកដោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានរយៈពេល ១៣ឆ្នាំមកហើយ ពោលគឺចាប់តាំង ២០០៧ មកម្លេះ ថ្ងៃនេះ MSR សូមលើកយកកីឡាករដែលឈ្នះស្បែកជើងមាសច្រើនជាងគេមកជំរាបជូន។
តាមពិតកីឡាករដែលទើបចូលនិវត្តន៍កាលពីពេលថ្មីៗនេះ គឺ ឃួន ឡាបូរ៉ាវី ដោយខ្សែប្រយុទ្ធកណ្តាលមកពីខេត្តកំពង់ចាមរូបនេធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្តេច ហ៊ុន សែន ដល់ទៅ ៤ លើក(២០១១,២០១២,២០១៤,២០១៧) ច្រើនជាងគេ។ ចំណែកកីឡាករចាស់វស្សាកំពុងលេងនៅក្លិបណាហ្គាវើលដ៍ គួច សុកុម្ភៈ ធ្លាប់ឈ្នះ ៣ លើក(២០០៧ ,២០០៩,២០១០) ស្របពេលដែល ចាន់ វឌ្ឍនាកា, ហុក សុជីវ័ន្ត, សុក ចាន់រស្មី, ស្រី វាសនា, សួង វីរៈ, ប្រាក់ មន្នីឧត្តម, នួន បូរី នឹង វ៉ា សុខថន ធ្លាប់ឈ្នះត្រឹមម្នាក់ម្តងប៉ុណ្ណោះ។
សម្រាប់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីឆ្នាំ ២០១៩ មកត្រូវបែងជាពីរដំណាក់កាល គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ខេត្តដំណើរការដោយមាន ១៧ ក្រុម ចូលរួម បែងចែកជា ៥ ពូល ប្រកួតជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំពោះក្រុមល្អបំផុតពីលេខ ០១ ដល់លេខ ០៤ ថ្នាក់ខេត្ត ត្រូវចូលរួមជាមួយក្លិបចំនួន ១២ ផ្សេងទៀតនៅក្របខណ្ឌ Metfone Cambodian League ដើម្បីធ្វើការប្រកួតពីវគ្គ ១៦ ក្រុមចុងក្រោយ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សម្តេច ហ៊ុន សែន នេះធ្វើការប្រកួតមិនមានកីឡាករបរទេសចូលរួមឡើយ ពោលគឺមានតែកីឡាករកម្ពុជាសុទ្ធ ដូច្នេះ បូរ៉ាវី គឺជាខ្សែប្រយុទ្ធកណ្តាលដែលល្អបំផុតរបស់កម្ពុជាត្រឹម ១០ឆ្នាំចុងក្រោយនេះ៕