ធ្លាប់ជួបគ្នា៣ដង ឈុត សេរីវ៉ាន់ថង ចាត់ទុក ទួនប៉េ ជារៀមច្បងនិងជាគ្រូ
កាលពីចុងសប្តាហ៍កន្លងទៅនាសង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបង រាហ៊ូមាសខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង បាននាំបងប្អូនទៅចូលរួមទស្សនាដោយផ្ទាល់នៅទីនោះ ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនជាមួយគុនខ្មែរនិងគុនថៃ អ្វីដែលបានធ្វើឲ្យអ្នកគាំទ្រចម្លែកចិត្តជាងគេគឺបងប្អូនរបស់ វ៉ាន់ថងនិងរូបគេផ្ទាល់បានថតរូបជាមួយ ទួនប៉េ ដែលជាដៃគូស្វិតស្វាញនៅលើសង្វៀន ហើយសរសេរថា (ជូនចែមកថតជាមួយ Idol គាត់)។
រាហ៊ូមាសខេត្តបាត់ដំបង បានប្រាប់ក្រុមការងារ MSR SPORT ឲ្យដឹងថា៖ ៣ប្រកួតកនុ្លងមកដែលរូបគេប្រកួតជាមួយខ្លាចាស់ ទួនប៉េ ទោះបីជាមានភាពស្វិតស្វាញ បូករួមទាំងរបួសបែកទៀតនោះ ក៏រូបគេចាត់ទុកថា អ្នកប្រដាល់បុរីរាំរូបនេះគឺជារៀមច្បងដ៏ល្អ និង ជាគ្រូមួយផងដែរ។ ព្រោះថា រូបគេបានទទួលបទពិសោធន៍ជាច្រើនជាមួយគាត់នៅលើសង្វៀន ហើយទទួលបានមេរៀនជីវិតគុនខ្មែរជាច្រើននៅលើសង្វៀនដូចគ្នា។ ម្យ៉ាងវិញទៀតកុ្រមគ្រួសាររបស់ ឈុត សេរីវ៉ាន់ថង ក៏មានការពេញចិត្តចំពោះ ទួនប៉េ ដោយហេតុផលថា ទួនប៉េ គឺជាអ្នកប្រដាល់ប្រកួតមិនចេះបំពានទៅលើដៃគូ មានភាពចាស់ទុំជាអ្នកប្រដាល់គួរអោយគោរព បូករួមទាំងការនិយាយនិងការប្រកួត។
គួររំលឹកថា ៣ប្រកួតរវាង ឈុត សេរីវ៉ាន់ថង និង ទួនប៉េ គឺ វ៉ាន់ថង ឈ្នះពិន្ទុទាំង៣លើក ដោយឡែកក្នុងចំណោម២៤ប្រកួតអន្តរជាតិរបស់អ្នកស្រុកបាត់ដំបងរូបនេះនៅសង្វៀន CBS (CNC MYTV និង CTN) កន្លងមក ចាញ់៣ដង និង ស្មើ១ដង ក្រៅពីនោះគឺឈ្នះទាំងអស់៕