បឺត ចិត្រា វាយថៃសន្លប់បន្ទាប់ពីកម្មវិធីគោជល់ផ្តល់ឱកាសប្រកួតអន្តរជាតិលើកដំបូង
អ្នកប្រដាល់គុនខ្មែរវ័យក្មេង បឺត ចិត្រា ត្រូវបានកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ផ្តល់ឱកាសអោយប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាលើកដំបូងដោយត្រូវប៉ះកីឡាករថៃកាលពីថ្ងៃ សៅរ៍ ទី ២១ មីនា នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ បទពិសោធប្រកួតលើកដំបូងជាមួយថៃនេះកូនសិស្សរបស់លោក បឺត សំខាន់ មិនធ្វើអោយអ្នកគាំទ្រខកចិត្តនោះទេដោយបានកណ្តាប់ដៃវាយទៅលើដៃគូដែលមានឈ្មោះថា រ៉ាក់ថៃ សន្លប់ក្នុងទឹកទី២ ។
អ្នកប្រដាល់ដើមកំណើតខេត្តបាត់ដំបង រូបនេះទើបមានប្រវិត្តប្រកួតជាមួយអ្នកប្រដាល់គុនខ្មែរដូចគ្នាចំនួន១៤ដងតែប៉ុណ្ណោះ ក្នុងនោះរូបគេធ្លាប់ចាញ់២ដង ជាពិសេសប៉ុន្មានប្រកួតចុងក្រោយរូបគេប្រកួតឈ្នះរៀមច្បងមួយចំនួនដូចជាកីឡាករ ឡុង រ៉ាមី និង រ៉ែន រាជ ជាដើម ។
ក្នុងថ្ងៃប្រកួតនោះដែរ ក្រៅពីការប្រកួតរបស់ បឺត ចិត្រា កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់មានគូអន្តរជាតិចំនួនពីរគូផ្សេងទៀតដោយកីឡាករ ពុទ្ធ ឆាយរិទ្ធី ចាញ់ពិន្ទុកីឡាករថៃ ភិតសាយហ្វា និង នី សុភី ចាញ់ពិន្ទុកីឡាករថៃ នឹងត្រាក់កាន ។ ក្នុងសប្តាហ៍នេះកម្មវិធីប្រដាល់មិនមានការប្រកួតនោះទេដោយសារការផ្អាកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈការប្រកួតធម្មតានឹងប្រកាសជូននាពេលខាងមុខ ៕